អន្តរជាតិ៖ បើយោងតាមក្រុមអ្នកវិទ្យាសាស្រ្តនៅចក្រភពអង់គ្លេស បានធ្វេីការសិក្សាថ្មីមួយ ដោយបានបង្ហាញថា សព្វថ្ងៃនេះបរិមាណផ្ទាំងទឹកកករបស់ផែនដីយើង កំពុងតែជួបប្រទះការរលាយ ក្នុងកម្រិតយ៉ាងឆាប់រហ័សខ្លាំង បើធៀបនឹងកាលពីអំឡុងពាក់កណ្តាលទសវត្សរ៍១៩៩០។
ជាក់ស្តែងបើតាមសារព័ត៌មាន CNA បានដកស្រង់ចុះផ្សាយនៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១នេះថា យោងតាមការសិក្សាថ្មីខាងលើ ដែលត្រូវបានចងក្រងដោយ ក្រុមអ្នកវិទ្យាសាស្រ្តនៅចក្រភពអង់គ្លេស បានអះអាងនៅថ្ងៃចន្ទទី២៥ មករាម្សិលមិញថា ទឹកកកប្រហែល ២៨ទ្រីលានតោនបានរលាយនៅលើផែនដី គិតចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មកទល់នឹងពេលនេះ។ បើគិតជាអត្រាប្រចាំឆ្នាំ កម្រិតរលាយទឹកកកបច្ចុប្បន្ននេះ ស្ថិតនៅកម្រិត ៥៧ភាគរយលឿនជាង កម្រិតរលាយទឹកកកកាលពីជិត ៣ទសវត្សរ៍មុន។
ក្រុមអ្នកវិទ្យាសាស្រ្តដដែល បន្តថា តាមរយៈការប្រើប្រាស់ទិន្នន័យពីផ្កាយរណបចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ បានគណនាឃើញថាពិភពលោកបានបាត់បង់ទឹកកកជាមធ្យម ០.៨ទ្រីលានតោនក្នុងមួយឆ្នាំ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះវិញផែនដីបានបាត់បង់ទឹកកកជាមធ្យមដល់ទៅ ១.២ទ្រីលានតោនក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា នាពេលកន្លងមក ការសិក្សាស្រាវជ្រាវជាច្រើនផ្សេងទៀត ដោយក្រុមអ្នកវិទ្យាសាស្រ្តនៅជុំវិញពិភពលោក ក៏បានរកឃើញពីអត្រាគួរឲ្យបារម្ភ នៃការរលាយផ្ទាំងទឹកកកលើផែនដី ក៏ដូចជាការកើនឡើងកម្តៅនៃភពរបស់យើងផងដែរ៕ដោយ៖ស តារា
រូបភាព៖ឯកសារ