លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្តដំណើរមកវាយតម្លៃលើវឌ្ឍនភាពការអភិវឌ្ឍន៍សហគមន៍ព្រៃឈើព្រៃហ៊ុ

ចែករំលែក៖

ខេត្តកំពង់ធំ, នៅក្នុងខេត្តកំពង់ធំ នៅរសៀលថ្ងៃដដែល ចេញពីកសិដ្ឋានចិញ្ចឹមត្រី លោករដ្ឋមន្ត្រី , លោក ហៃ រស្មី អនុរដ្ឋលេខាធិការទទួលបន្ទុករដ្ឋបាលព្រៃឈើ លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត និងសហការី បានបន្តដំណើរមកវាយតម្លៃលើវឌ្ឍនភាពការអភិវឌ្ឍន៍សហគមន៍ព្រៃឈើព្រៃហ៊ុំ ដែលមានទីតាំងនៅក្នុងភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។ លោកប្រធានសហគមន៍ បានរាយ ការណ៍ជូនលោករដ្ឋមន្រ្តីជ្រាបថា សហគមន៍នេះបានបង្កើតឡើងក្នុងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦ ហើយទទួលស្គាល់ជាផ្លូវការដោយប្រកាស កសក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ និងបានចុះកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ និងបានអនុម័តផែនការគ្រប់គ្រងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ បច្ចុប្បន្នសហគមន៍ មានផ្ទៃដីទំហំ ៤០៨ហ.ត សមាជិកសរុបចំនួន ៥១៧ គ្រួសារ (ពីរភូមិគឺ ភូមិដំរីស្លាប់ ២១៧គ្រួសារ  និងភូមិសង្គម ៣០០គ្រួសា)។ លោកបានបន្តទៀតថា សហគមន៍បានទទួលប្រយោជន៍ពីផល និងអនុផលព្រៃឈើសំខាន់ៗមានដូចជា៖ ផ្លែគុយ ផ្សិត ដំឡូង វល្លិ៍ និងរំពាក់ជាដើម។ ដើម្បី លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមន៍

បច្ចុប្បន្នរដ្ឋបាលព្រៃឈើបាននាំយកគម្រោងស្តីពីប្រព័ន្ធកសិ-រុក្ខកម្ម លើដី ១០ហ.ត ជីកអណ្តូងខ្នោះ ០១ អណ្តូងប្រើប្រាស់សូឡាប៊ូមទឹក ០១ ជីកស្រះទឹក ០១ សាងសង់ស្នាក់ការយាម តម្លើងរោងដាំបន្លែ (Green house) ០២។ ផ្ទៃដី ៦ហ.ត បានដាំឈើពាណិជ្ជកម្ម (រយៈពេលវែង មធ្យម និងខ្លី) ចំនួន ១២៣៥០ដើម (គ្រញូង ៨០០០ ធ្នង់ ១០០០ បេង ១០០០ អង្កាញ់ ១០០០ ច្រេស ១០០០ ខ្នុរ ១០០ ស្តៅ ២០០ និងស្វាយ ៥០ដើម។ ដោយសារគម្រោង បច្ចុបន្នសហគមន៍ទទួលបានប្រាក់ចំណូលសរុបប្រមាណជា ៦ ៥០០ ០០០រៀល។ 

ស្ថិតក្នុងទឹកដីព្រៃឈើដ៏សែនមនោរម្យ លោករដ្ឋមន្ត្រីបានធ្វើការសំណេះ សំណាលជាមួយបងប្អូនប្រជាសហគមន៍ ដោយបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលលោកទាំងពីរតែងតែ គិតគូពីសុខទុក្ខ និងបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូន ហើយសម្តេចសូមជូនពរឱ្យបងប្អូនទទួលបាននូវពុទ្ធពរទាំង ៤ប្រការ។ ចំពោះពិធីនារសៀលថ្ងៃនេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលព្រៃឈើ ដែលបានសហការគ្នារៀបចំបង្កើតសហគមន៍ព្រៃឈើ ជាពិសេសយកគម្រោងមកអនុវត្តក្នុងសហគមន៍ផ្ទាល់ ដើម្បីជាប្រយោជន៍ក្នុងការបង្កើតគម្របព្រៃឈើឡើងវិញ ធ្វើការអភិវឌ្ឍ និងអភិរក្សព្រៃឈើ សត្វព្រៃ ជីវ:ចំរុះ ធានាបាននូវនិរន្តរភាពនៃការអាស្រ័យផល និងអនុផលព្រៃឈើ និងចូលរួមថែរក្សា ការពារធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) សម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេសកែប្រែ ឬលើកកម្ពស់កម្រិតជីវភាព ធានាបានការអភិវឌ្ឍន៍សហគមន៍ព្រៃឈើប្រកបដោយនិរន្តរភាព។ ដើម្បីរក្សាបាននូវនិរន្តរភាពនេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ័ណ្ឌរដ្ឋបាលព្រៃឈើជួយកៀរគរគម្រោងថ្មីៗដោយជ្រើសរើសសហគមន៍ព្រៃឈើទូទាំងប្រទេសធ្វើជាគោលដៅនៃចលនាជំរុញ និងបង្កើនផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមសត្វ (មាន់ស្រែ) ត្រី សាកវប្បកម្ម និងដំណាំរួមផ្សំ ដើម្បីបន្តការអភិវឌ្ឍសហគមន៍ឲ្យកាន់តែរីកចម្រើន ឈានទៅប្រែក្លាយជាសហគមន៍គំរូ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាញយកប្រយោជន៍បន្ថែមពីធនធានព្រៃឈើ បង្កើត និងបង្កើនប្រភពចំណូល កែលម្អជីវភាពតាមរយ: បង្កើតរបរបន្ថែម ដូចជាចិញ្ចិមឃ្មុំ ដាំឬស្សី ចិញ្ចឹមសត្វ និងដាំដំណាំ រួមទាំងរៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងសហគមន៍ឲ្យបានល្អដើម្បីពង្រីកវិស័យអេកូទេសចរណ៍ ធ្វើផ្លូវ ការពារភ្លើងឆេះព្រៃ ត្រូវបោះបង្គោលព្រំដីសហគមន៍ និងធ្វើប្លង់ដីកម្មសិទ្ធិចៀសវាងការទន្រ្ទានដីព្រៃឈើរដ្ឋធ្វើជាកម្មសិទ្ធិ។ លោករដ្ឋមន្ត្រី បានណែនាំឲ្យមន្ទីរកសិកម្មជួយលើការងារបច្ចេកទេស និងទីផ្សារដើម្បីជួយរំដោះផលដំណាំពីសហគមន៍។ 

នាឱកាសនេះផងដែរ លោករដ្ឋមន្ត្រីបានជួយឧបត្ថម្ភចំនួន ២០០០០០០រៀលជូនក្រុមប្រឹក្សាឃុំដំរីស្លាប់ សម្រាប់យកទៅអភិវឌ្ឍន៍ឃុំផងដែរ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print