ខេត្តស្ទឹងត្រែង, នៅសាលាពលទាហានទី១ របស់យោធភូមិភាគទី១ នៅថ្ងៃច័ន្ទទី ២៥ ខែ មករា ឆ្នាំ ២០២១នេះ មានរៀបចំពិធី បើកវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញអាវុធគាំទ្រ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី១។
ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានមានមតិផ្តាំផ្ញើដល់ប្អូនៗ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំក្រេបជញ្ជក់នូវបទឧទេ្ទសនាម របស់យោធាចារ្យ ទាំងនៅក្នុងថ្នាក់រៀននិងការធ្វើលំហាត់ជាក់ស្តែង នៅលើទីលានហាត់ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរបស់បុគ្គលម្នាក់ៗ ឈានទៅសម្រេច ភារកិច្ចថ្មីៗ ជូនអង្គភាព និងជូនជាតិមាតុភូមិ ។ ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានសំណូមពរ ឲ្យប្អូនៗត្រូវគោរព វិន័យដ៏ម៉ឹងម៉ាត់របស់សាលា រក្សាឲ្យបានភ្ជាប់ខ្ជួននូវវិធាន ការអនាម័យ ដើម្បីការពារ សុខភាព ពីជម្ងឺដង្កាត់ទាំងឡាយ ជាពិសេសការពារជំងឺកូវីដ១៩ និងត្រូវមានសាមគ្គីភាព ល្អរវាងគ្នា និងគ្នាក្នុងនាមជាមិត្តរួមអាវុធ ដើម្បីរួមគ្នាសំរេចគុណភាពសិក្សាទទួលបានលទ្ធផលខ្ពស់ ។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉ន ជំនាញអាវុធគាំទ្រដែលត្រូវបានប្រារព្ធពិធីបើក មានសិក្ខាកាម ចូលរួមរៀនសូត្រចំនួន៥០នាក់ មកពីកងពលតូច អន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ដែលមានរយៈពេលសិក្សាចំនួន ៤៥ ថ្ងៃ និងមានការចូលរួមសហការបង្ហាត់បង្រៀនអំពីសំណាក់ក្រុមយោធាចារ្យមកពីបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោកផងដែរ៕
ដោយ, សិលា