សូមប្រយ័ត្ន! យុវតីម្នាក់ ត្រូវ​​សត្វ​ឆ្មា​ខាំ​ជើង​ ស្រាប់តែ​​ជាង​២​ខែ​​ក្រោយមក​ នាង​​ដេញ​ខាំមិត្តភក្តិ​ផ្អើលពេញភូមិ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើតាមការសង្កេតមើលជាក់ស្តែង​ នាពេលបច្ចុប្បន្ននេះ​ ករណីសត្វឆ្មា​ ឆ្កែ​ ខាំទៅលើមនុស្សភាគច្រើននៅពេលដែលពួកគាត់មិនបានទៅ​ចាក់វ៉ាក់សាំងការពារជំងឺសត្វឆ្មារ ឬសត្វឆ្កែឆ្កួត​ គឺមានអាការៈខុសប្រក្រតីដូចជា​ ដេញខាំគេឯងដូចសត្វដែលធ្លាប់ខាំខ្លួន។

ជាក់ស្តែងយុវតី​ម្នាក់​ឈ្មោះ សៅ វ​ណ្ណា​រី អាយុ​២០​ឆ្នាំ រៀន​ថ្នាក់​ទី​១២ មាន​​ម្តាយ​ឈ្មោះ អូន ជ្រាប អាយុ​៤០​ឆ្នាំ ​ជា​​ជាងកាត់ដេរ​ និង​ឪពុក​ឈ្មោះសួង សើម អាយុ​៤០​ឆ្នាំ​ ​មុខ​របរ​កម្មករ​សំណង់​ ​។ គ្រួសារ​មាន​កូន​ក្នុង​បន្ទុកចំនួន​​៤​នាក់ (​ស្រី​៣​នាក់​ ប្រុស១នាក់) ​ដោយឡែកយុវតី​រងគ្រោះ​ខាងលើ​​ជា​កូន​ទី​៣​ ​ហើយគ្រួសារនេះរស់​នៅ​​ភូមិ​គាប​លើ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​​ ខេត្តបន្ទាយមានជ័យ ។​

បើតាមប្រភពពីម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ សៅ វ​ណ្ណា​រី​​​ ត្រូវ​​សត្វ​ឆ្មា​ខាំ​ជើង ប៉ុន្តែមិនបានចាក់វ៉ាក់សាំងការពារជំងឺសត្វឆ្មារ ឬសត្វឆ្កែឆ្កួត​នោះទេ​ លុះ​​ជាង​២​ខែ​​ក្រោយមក​ ស្រាប់តែ​​នាង​មាន​អាកា​រៈដូច​សត្វ​ឆ្មា​ដេញ​ខាំមិត្តភក្តិ​ ហើយ​ត្រូវបាន​ក្រុ​មគ្រួសារ​បញ្ជូន​ទៅ​ព្យាបាលនៅមន្ទីរពេទ្យដែរ​ តតែគ្មានគ្រូពេទ្យណាហ៊ានទទួលនោះទេ។ បន្ទាប់មក​ក្រុមគ្រួសារ​ក៏នាំនាង​ទៅ​​ឱ្យគ្រូខ្មែរ​ព្យាបាល ហើយកាលពី​​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១​ ​ក៏បានធូរស្បើយឡើងវិញផងដែរ​​។

​ម្តាយក្មេងស្រីខាងលើ បន្ត​ថា ​កូនស្រី​របស់គាត់​​ត្រូវ​បានសត្វ​​ឆ្មា​ខាំ​រយៈពេល​ជាង​២​ខែ​មក​ហើយ ​ដោយ​សត្វ​ឆ្មារ​​មួយ​ក្បាលនោះ​​មាន​ពណ៌ប្រផេះក្នុង​ចំណោមសត្វ​​ឆ្មា​ ៣​ទៅ​៤​ក្បាលដែល​ជា​របស់​​ជីដូន​នាង លុះពេលនាង​​ចេញចូល​​ផ្ទះ​នោះ​​ក៏ដើរ​ជាន់​វា ហើយ​ត្រូវ​វា​​ខាំ​ចំ​ស្មង​ជើង​ខាងឆ្វេង​មុត​២​ចង្កូម​ បណ្តាលឱ្យ​​ហូរ​ឈាម​ ហើយ​ភ្លាមៗនោះ​ពួកគាត់​ជា​ឪពុកម្តាយ​ក៍​មិន​បាន​​នាំ​នាង​​ទៅ​ចាក់​វ៉ាក់សាំង​ការពា​រ​​ជំងឺ​ឆ្មា​ ​ឬ​ឆ្កែ​ឆ្ងួ​ត​ឡើយ ​។

ប្រភពដដែលបន្តទៀតថា ​រហូត​ដល់​វេលា​​ម៉ោង​​ប្រមាណ​៤ល្ងាច​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១ ​ពេល​កូនស្រី​របស់​គាត់​​ទៅ​ហូប​អី​ជាមួយ​មិត្តភក្តិស្រាប់តែ​ឪពុក​ម្តាយ​មិត្តភក្តិ​មក​ប្រាប់​ថា​​កូនស្រី​របស់គាត់​មាន​អាកា​រៈ​ដេញ​ខាំ​គេឯង​ដូច​ជា​សត្វ​ឆ្មា ហើយ​​នាង​ត្រូវ​ឪពុក​មិត្តភក្តិ​ដឹក​មក​ផ្ទះដោយ​ឃើញ​សភាព​​នាង​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ចំនួន​​២​កន្លែង ​ប៉ុន្តែ​​គ្រូពេទ្យ​មិន​ទទួល​នោះ​ទេ ​និង​ប្រាប់​​ឱ្យ​​​បញ្ជូន​នាង​​ទៅ​​កាន់​មន្ទីរ​ពេទ្យ​ខេត្តបាត់ដំបង​ ទើប​មាន​លទ្ធភាព​ជួយ​បាន​ ។

អ្នកស្រី អូន ជ្រាប បន្ថែមទៀតថា​ ​ព្រោះតែ​ជីវភាព​ខ្វៈ​ខាត​គ្មាន​លទ្ធភាព​យក​កូនស្រី​ទៅ​ព្យាបាល​​នៅឯមន្ទីរពេទ្យ​ខេត្តបាត់ដំបង ​ទើប​ដឹក​​នាង​ត្រឡប់​​មក​ផ្ទះ​វិញ រួច​ឱ្យ​គ្រូខ្មែរ​ក្នុងភូមិ​​​ជួយព្យាបាល ហើយ​ក៏មាន​​អាកា​រៈ​ជាសះស្បើយ​ដូច​ធម្មតា​ឡើង​វិញ​ ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមករាឆ្នាំ​២០២១ ។​

ដោយឡែក​​លោក​វេជ្ជ​បណ្ឌិត ឡេ ចាន់​សង្វាត ប្រធាន​មន្ទី​សុខា​ភិបាល​ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១​ថា ​នៅ​ពេល​​​មាន​បងប្អូន​​ប្រជា​ពលរដ្ឋ​ណាម្នាក់​​ដែល​ត្រូវ​សត្វ​ឆ្កែ​ ​ឬ​ឆ្មាខាំ​ ​សូមរួសរាន់​នាំ​ទៅ​ចាក់​វ៉ាក់សាំង​ការពារភ្លាម​​ៗ ​មិន​អាច​ទុក​លើស​ពី​១​ស​ប្តា​ហ៍​បាន​ឡើយ​ ហើយ​ត្រូវ​តាមដាន​សកម្មភាព​សត្វ​ឆ្កែ​ ​ឬ​សត្វ​ឆ្មារ​ដែល​បាន​​ខាំ​ បើសិនជា​សត្វឆ្កែ ឬឆ្មានោះ​អត់​មាន​បែក​ពពោះ​មាត់​ ​ឬ​ឆ្កួត​ទេ​នោះ​ មនុ​ស្សដែលត្រូវវាខាំ​ក៏​​អត់​​មាន​បញ្ហា​ដែរ​។

លោក​ប្រធាន​មន្ទី​សុខា​ភិបាល​រូបនេះ​ ​បញ្ជាក់​បន្ថែមថា​ ​បើសិនជាបងប្អូនប្រជាពលរដ្ឋ​ណាម្នាក់​ដែល​ត្រូវ​សត្វ​​ឆ្កែ​ ឬ​ឆ្មារ​ខាំ​ហើយ​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារជំងឺ​​ឆ្កែឆ្កួត​ទេ​នោះ​ ពិតជា​ឆ្លង​មេរោគ​ឆ្កែ ​ឬ​​ឆ្មាឆ្កួត ​​ដោយ​​មាន​អាកា​រៈ​ និង​សកម្មភាព​ដូច​សត្វ​ឆ្កែ ឬ​​ឆ្មា​នោះ​ ​ដូចជា​​​មាន​បែក​ពពុះ​មាត់​រក​ខាំ​គេឯង​ និង​ខ្លាច​​ទឹក ​ខ្លាច​​ខ្យល់ ​ខ្លាច​​ពន្លឺ​ថ្ងៃ ​ហើយ​គ្រូពេទ្យ​គ្មាន​លទ្ធភាព​ជួយ​សង្គ្រោះ​បាន​ឡើយ ​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print