ភ្នំពេញ៖ ក្រុមការងារមូលនិធិ SS Fundraiser របស់ប្ដីប្រពន្ធ ស៊ុក សុភា នឹងនាំយកថវិកាប្រមាណ ១០ ០០០ ដុល្លារអាមេរិក ដើម្បីប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ កម្មវីធីនេះនឹងមានវត្តមានចូលរួមពីសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនចូលរួមផងដែរ។
កម្មវិធីនេះធ្វើឡើងក្រោយពីពួកគេបានសម្រេចរៀបចំការប្រគំតន្ត្រីបែបសប្បុរសធម៌ឱ្យបាន ២ដង ដោយធានាសិល្បករពីប្រទេសកម្ពុជា ចូលរួមធ្វើសកម្មភាពរៃអង្គាសស្វែងរកកញ្ចប់ថវិកាបន្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងទុរគតជនផ្សេងៗទៀត។ សិល្បករដែលចូលរួមជាសក្ខីភាពពីប្រធានសមាគមសិល្បករខ្មែរ សុះ ម៉ាច អ្នកនាង ចន ច័ន្ទលក្ខិណា ខាត់ សុឃីម និងសិល្បករចាស់ថ្មីច្រើនរូបទៀត ព្រមទាំងបណ្ដាអ្នកសារព័ត៌មាននានាផងដែរ។
គួរបញ្ជាក់ដែរថា មូលនិធិ SS Fundraiser របស់ប្ដីប្រពន្ធ ស៊ុក សុភា ធ្លាប់បានរួមចំណែកក្នុងការងារសប្បុរសធម៌កម្ពុជាច្រើនលើកមកហើយរួមមានជួយសង់ទីជម្រកដល់ចាស់ជរា ជនទីទ័លក្រ ជីកអណ្ដូងទឹកស្អាតដល់សហគមន៍ក្រីក្រ និងជួយសង់សាលារៀនជាដើម។ ដោយឡែកចំពោះសកម្មភាពរ៉ៃអង្គាសថវិកាតាមរយៈ Page SS Fundraiser ត្រូវបានម្ចាស់មូលនិធិអះអាងថា សម្រាប់ជួយដល់សិល្បករចាស់ៗ និងទុរគតជន៕
ដោយ៖ វឌ្ឍនា