ចិនបានប្រកាសថានឹងធ្វើសមយុទ្ធរយៈពេល៤ថ្ងៃនៅសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ។ ការធ្វើសមយុទ្ធកើតឡើងក្រោយពេលអាមេរិកបញ្ជូននាវាផ្ទុកយន្តហោះមកកាន់សមុទ្រចិនខាងត្បូង ។
សារព័ត៌មានរ៉យទ័របានដកស្រង់សេចក្តីប្រកាសរបស់នាយករដ្ឋចរាចរណ៍ដែនសមុទ្រចិននៅថ្ងៃទី ២៦ខែមករាដែលបានបញ្ជាក់ថា កម្លាំងទាហានជើងទឹកចិននឹងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងនាសប្តាហ៍នេះ។ ការធ្វើសមយុទ្ធកើតឡើងក្រោយពេលក្រសួងការបរទេសចិនប្រកាស ថ្កោលទោសអាមេរិកដែលបានបញ្ជូនក្រុមនាវាចម្បាំងដែលមាននាវាផ្ទុកយន្តហោះមកកាន់សមុទ្រចិនខាងត្បូង។
តាមការប្រកាស រាល់នាវាទាំងអស់ ត្រូវបានហាមប្រាមធ្វើដំណើរចូលតំបន់សមុទ្រចាប់ពីថ្ងៃទី ២៧ខែមករា រហូតដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២១។ កម្លាំងទាហានចិនមិនបានប្រកាសលម្អិតពីការធ្វើសមយុទ្ធក៏ដូចជាទម្រង់នៃការធ្វើសមយុទ្ធនោះឡើយ។
កាលពីថ្ងៃទី ២៥ខែមករា ចិនបានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកដែលបានបញ្ជូនយន្តហោះនាវាចម្បាំង មកកាន់សមុទ្រចិនខាងត្បូង ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ក្រសួងការបរទេសចិនបានប្រកាសថា សហរដ្ឋអាមេរិកជារឿយៗ តែងតែបញ្ជូននាវា ក៏ដូចជាយន្តហោះរបស់ខ្លួនចូលទៅក្នុងដែនសមុទ្រចិនខាងត្បូងដើម្បីបង្អួតសាច់ដុំ ហើយនេះគឺមិនល្អសម្រាប់សន្តិភាពនោះទេ។
ក្រុមនាវាដឹកយន្តហោះអាមេរិកមួយក្រុម ដែលដឹកនាំដោយនាវាដឹកយន្តហោះចម្បាំងអាមេរិក USS Theodore Roosevelt អមដោយនាវាចម្បាំងចំនួន៣គ្រឿងទៀត បានចូលដល់សមុទ្រចិនខាងត្បូង កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពនៃសមុទ្រ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Joe Biden ចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក៕ដោយ សាធី
រូបភាព៖ HẢI QUÂN MỸ