ភ្នំពេញ, វគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត “ក” កីឡាវ៉ូវីណាម ប្រចាំឆ្នាំ២០២០ បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ម្សិលមិញ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បន្ទាប់ពីដំណើរការអស់រយៈពេល៦ថ្ងៃកន្លងមក។
ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ លោក ស៊ុម សារឿន ប្រធានព័ន្ធកីឡាវ៉ូវីណាមកម្ពុជាលើកឡើងថា ទោះបីជាយើងកំពុងស្ថិតនៅក្នុងស្ថានភាពបរិបទថ្មីនៃការប្រតិបត្តិការងារនៃជំងឺកូវីដ-១៩ ក៏ប៉ុន្តែការរៀបចំការបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាលកីឡាវ៉ូវីណាមបានអនុវត្តយ៉ាងហ្មត់ចត់តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគោរពបានយ៉ាងខ្ជាប់ខ្ជួននូវវិធានរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដែលធ្វើឲ្យការបណ្តុះបណ្តាលរបស់យើងប្រព្រឹត្តទៅដោយជោគជ័យ និងមានសុវត្ថិភាព។ ស្ថិតក្នុងបរិបទនិងគន្លងថ្មីនៃការរៀនរស់នៅជាមួយនឹងកូវីដ-១៩នេះ សហព័ន្ធវីណាមកម្ពុជាមិនបានផ្តេកផ្តួលនិងមានការភ័យខ្លាចនឹងជំងឺកូវីដដោយមិនធ្វើសកម្មភាពអ្វីទាំងអស់នោះទេ ផ្ទុយទៅវិញសហព័ន្ធបានបន្តយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍធនធានមនុស្សជាពិសេសធនធានចៅក្រម និងអាជ្ញាកណ្តាល នាពេលនេះ ដើម្បីបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បីកសាងថ្នាលចៅក្រម និងអាជ្ញាកណ្តាលនៃកីឡាវ៉ូវីណាមឲ្យមានការរីកចម្រើនបន្ថែមទៀត។
លោកបន្ថែមថា វគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាលកីឡាវ៉ូវីណាមនេះផ្តោត សំខាន់ទៅលើច្បាប់ និងបែបបទនៃការប្រកួត ការដាក់ពិន័យ និងការព្រមាន បច្ចេកទេសនៃការដាក់ពិន្ទុឲ្យកីឡាករ កីឡាការិនី ការអនុវត្តជាក់ស្តែងលើទីលាន និងបទបញ្ញត្តិទូទៅនៃកីឡា។ រីឯលទ្ធផលការសិក្សា ឯកឧត្តមសង្កេតឃើញថា សិក្ខាកាមនៅមានសមត្ថភាពខ្វះខាតច្រើន ដែលចាំបាច់ណាស់ត្រូវតែពង្រឹងបន្ថែមទៀត ក្នុងន័យដើម្បីធ្វើឲ្យសិក្ខាកាមរបស់យើងក្លាយទៅជាចៅក្រម និងអាជ្ញាកណ្តាល ប្រកបដោយគុណវុឌ្ឍ និងថាមពលទាំងក្នុងក្របខ័ណ្ឌការប្រកួតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ នាពេលអនាគត។ ហេតុដូចនេះ សហព័ន្ធវីវីណាមកម្ពុជានៅមានកិច្ចការជាច្រើនទៀតត្រូវបំពេញនៅក្នុងឆ្នាំ២០២១ នេះ គឺបន្តបើកវគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាលឲ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រឹងនិងជំរុញការអភិវឌ្ឍសមត្ថភាពធនធានរបស់ពួកគាត់ឲ្យកាន់តែប្រសើរ។ ជាមួយគ្នាការខិតខំរបស់សហព័ន្ធជំនាញមួយនេះ ក៏តែងតែទទួលបានការជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈពីក្រសួងអប់រំ យុវជន និងកីឡា ហើយរាល់ ដំណើរការសកម្មភាពសហព័ន្ធវវីណាមកម្ពុជា ដែលទទួលបាននូវសមិទ្ធផលដ៏ធំធេង ក្នុងពេលកន្លងទៅនេះ ក៏កើតចេញពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡានេះ ផងដែរ។
លោក អ៊ូ រតនា អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបញ្ជាក់ថា ក្រោមការផ្តល់ថវិការគាំទ្ររបស់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល កម្រិត “ក” កីឡាវ៉ូវីណាមប្រចាំឆ្នាំ២០២០ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ដែលមានសិក្ខាកាមចូលរួមចំនួន២៨នាក់ ស្រ្តី៥នាក់ ដែលមកពីបណ្តាលខេត្តចំនួន៩ និងក្លិបនៅរាធានីភ្នំពេញ ចំនួន៦ និង២ក្រសួង។ តាមរបាយការណ៍របស់គ្រូឧទ្ទេសពីររូប គឺលោក ទេព ជីវសុខម និងលោក កៅ មករា ដែលមានរយៈពេលសិក្សាចំនួន៦ថ្ងៃ ពេលព្រឹករៀនទ្រឹស្តី ពេលរសៀលអនុវត្តផ្ទាល់។ ជាលទ្ធផលសិក្ខាកាមទាំងអស់ទទួលបាននិទ្ទេសល្អ៥០% និទ្ទេសមធ្យម ៣០% និងនិទ្ទេសខ្សោយ២០%៕
ដោយ, សិលា