ខេត្តកំពត៖ លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពត បានបញ្ជាក់នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា កម្លាំងនគរបាលបានឃាត់ខ្លួនបុរស២នាក់ តាមអំណាចដីកាសាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី២៥ ខែមករា ដោយបានចោទប្រកាន់ពីបទលួចចំណងដៃមង្គលការ រួចបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ លក ញ៉ាវ បន្តថា ជនសង្ស័យទាំង២នាក់ដែលបានឃាត់ខ្លួននេះ គឺម្នាក់ឈ្មោះ នូវ ឌៀប អាយុ៤២ឆាំ្ន និងម្នាក់ទៀតឈ្មោះ ច្រេ សារឿន អាយុ៤១ឆាំ្ន ។ ពួកគេទាំង២នាក់រស់នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ។
នាយការិយាល័យព្រហ្មទណ្ឌរូបនេះ បន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ ក៏មានការសហការគ្នាជាមួយនគរបាលខេត្តកែបផងដែរ ដោយសារតែពួកគេបានមកជួលបន្ទប់ស្នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ បន្ទាប់ពីបញ្ជូនខ្លួនទៅតុលាការ ជនសង្ស័យទាំងនេះ ត្រូវបានចោទប្រកាន់ពីបទលួចលុយចំណងដៃក្នុងពិធីមង្គលការជាច្រើនកន្លែង ហើយទីកន្លែងចុងក្រោយ គឺបានលួចលុយចំណងដៃ និងទូរស័ព្ទរបស់ប្រជាពលរដ្ឋនៅភូមិត្រពាំងប្រិយ ឃុំសំរោង ស្រុកជុំគីរី ខេត្តកំពត ។
ចំណែកជុំវិញករណីខាងលេីនេះ ជនរងគ្រោះមិនបានបង្ហាញពីចំនួននៃការបាត់បង់លុយ ដែលជាប្រាក់ចំណងដៃនោះទេ។ ប៉ុន្តែលោក លកញ៉ាវ បាននិយាយថា មុខសញ្ញានេះបានដើរលួចលុយចំណងដៃក្នុងពិធីមង្គលការគេជាច្រើនដងមកហើយ ដូចជា៖នៅស្រុកអង្គរជ័យ ក្នុងខេត្តកំពត ជាដើម ។
បើតាមជនសង្ស័យទាំង២នាក់នេះ ក៏បានសារភាពពីល្បិចលួចលុយចំណងដៃថា នៅក្នុងពិធីមង្គលការនីមួយៗ ពួកគេតែងតែទៅចូលរួម និងបានតុបតែងខ្លួនធ្វើជាភ្ញៀវខាងកូនប្រុស ឬខាងកូនស្រី ពេលនោះម្ចាស់ដើមការទាំងសងខាងមិនបានចាប់អារម្មណ៍ថា ជាភ្ញៀវខាងណានោះទេ។ លុះពេលម្ចាស់ដើមការដេកលង់លក់អស់ ពួកគេមានឱកាសល្អ ក៏ធ្វើសកម្មភាពលួចប្រមូលយកលុយចំណងដៃនេះតែម្ដង ។
គួរជម្រាបដែរថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ កម្លាំងជំនាញបាននាំខ្លួនពួកគេមកកន្លែងអ្នកលក់ទូរស័ព្ទនៅក្នុងភូមិបឹងធំ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ព្រោះជាកន្លែងដែលជនសង្ស័យធ្លាប់យកទូរស័ព្ទមកលក់នៅទីនេះ។ ប៉ុន្តែជនសង្ស័យបានឆ្លើយមិនប្រាកដប្រជា ទើបកម្លាំងជំនាញប្រមូលបានវត្ថុតាងបន្ថែមដើម្បីបន្តនីតិវិធីផងដែរ៕ដោយ៖សហការី