មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ កំណើនភ្ញៀវទេសចរកាន់តែកើនឡើង ការធ្វើឌីជីថលរូបនីយកម្មក្នុងវិស័យទេសចរណ៍ កាន់តែត្រូវការចាំបាច់

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ស្របពេលជាមួយនឹងការវិវត្តយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា ការកើនឡើង និងការប្រែប្រួលឥតឈប់ឈរ នៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើឱ្យឌីជីថលរូបនីយកម្មនៅក្នុងវិស័យទេសចរណ៍ កាន់តែមានភាពចាំបាច់ និងចំពេលវេលា សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។

លោក ប៉ាក់ សុខុម បានថ្លែងបញ្ជាក់ដូចនេះ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកតំណាងឱ្យ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើក «វេទិកាអន្តរជាតិស្តីពីវិស័យទេសចរណ៍វៃឆ្លាតនៅកម្ពុជា» ក្រោមក្របខណ្ឌកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) រវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) សហការជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកផែ្នកអភិវឌ្ឍឧស្សាហកម្ម (UNIDO) និងមជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលបានរៀបចំឡើង នៅ Factory Phnom Penh ដោយមានការចូលរួមពី លោកស្រី អូហ្វេលី ប៊ួរីស នាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

លោក ប៉ាក់ សុខុម បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០កន្លងមកនេះ វិបត្តិជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះលើវិស័យទេសចរណ៍កម្ពុជា បានតម្រូវឲ្យមានការគិតគូររកដំណោះស្រាយក្នុងការស្តារ និងលើកស្ទួយវិស័យនេះឡើងវិញ ដែលក្នុងនោះការប្រើប្រាស់ បច្ចេកវិទ្យាអាចជាដំណោះស្រាយដ៏ល្អមួយ ទាំងក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩។

លោកបានបញ្ជាក់ទៀតថា ក្នុងបរិការណ៍នេះ ការធ្វើពិពិធកម្មកែច្នៃផលិតផល និងសេវាទេសចរណ៍ ដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយគឺជាគន្លឹះដ៏សំខាន់មួយ ក្នុងការទាក់ទាញទេសចរថ្មីៗ ជាពិសេសទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តម្តងហើយម្តងទៀត។

សូមបញ្ជាក់ផងដែរថា នៅក្នុងវេទិកានេះក៏មានការចូលរួមចែករំលែកបទពិសោធន៍ និងគំរូអនុវត្តល្អៗ ជាមួយនឹងការអនុវត្តជាក់ស្តែងនាពេលបច្ចុប្បន្ន ក៏ដូចជា ការពិភាក្សា លើចំណុចគន្លឹះជាយុទ្ធសាស្ត្រ និងយន្តការនានាក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាត ឬទេសចរណ៍ឌីជីថល ដោយមានវាគ្មិនកិត្តិយស តំណាងអង្គការ ទេសចរណ៍ពិភពលោក (UNWTO), អង្គការ UNIDO, លេខាធិការដ្ឋានអាស៊ាន, បណ្ឌិតសភាទេសចរណ៍ចិន, European Cities Marketing, ក្រុមហ៊ុន Google, ក្រុមហ៊ុន MDSG, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ», Khmer Enterprise, ក្រុមហ៊ុន Cellcard, Impact Hub, ក្រុមហ៊ុន Unseentra, Uot App, Haystome ដែលជា Startups របស់កម្ពុជាផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print