កាលពីថ្ងៃទី២៧ ខែមករា ក្រុមតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ដឹកនាំដោយតំណាងរាស្ត្រTom Carper បានស្នើសេចក្តីព្រាងច្បាប់បំបែកទីក្រុងវ៉ាស៊ីតោនទៅជារដ្ឋទី៥១របស់អាមេរិក។
នៅលើបណ្តាញសង្គម Twitter តំណាងរាស្ត្រTom Carperបានបញ្ជាក់ថា ថ្ងៃនេះយើងមានមោទនភាពក្នុងការណែនាំសេចក្តីព្រាងច្បាប់ដើម្បីបំបែកទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ទៅជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ។
តាមការលើកឡើងរបស់លោកTom Carper សេចក្តីព្រាងច្បាប់ស្តីពីការបំបែករដ្ឋ គឺជួយដល់ពលរដ្ឋក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលបានបង់ពន្ធសហរដ្ឋ ប៉ុន្តែមិនមានតំណាង គ្មានសំឡេងក្នុងសភា ក៏ដូចជាសិទ្ធិបោះឆ្នោតក្នុងស្ថាប័នបង្កើតច្បាប់។
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋថ្មី បានស្នើឡើងតាំងពីឆ្នាំ២០១៣ ក្នុងនោះនឹងផ្តល់សិទ្ធិដល់ពលរដ្ឋ ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សម្រេចកិច្ចការក្នុងតំបន់ ក៏ដូចជាមានតំណាងនៅក្នុងរដ្ឋសភា ។
ប្រធានាធិបតី ចូ បៃឌិន តាំងពីដើមមកបានគាំទ្រដល់ ការបង្កើតរដ្ឋវ៉ាស៊ីនតោនទៅជារដ្ឋទី៥១របស់អាមេរិក ។ បើទោះបី រដ្ឋសភាអាមេរិកស្ថិតនៅកណ្តាលទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែទីក្រុងនេះមិនមានសិទ្ធិក្នុងការដាក់ពង្រាយកម្លាំងជាតិដូចជារដ្ឋជិតខាងឡើយ ក្នុងនោះមានរដ្ឋVirginia ជាដើម។
ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ បំបែករដ្ឋខាងលើ ចាំបាច់ត្រូវទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាមកពីកណបក្សសាធារណរដ្ឋ យ៉ាងតិច១០ រូប ។ ប៉ុន្តែគម្រោងខាងលើទទួលរងការរិះគន់យ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋ ដោយចាត់ទុកថា នេះជាគោលបំណងដើម្បីពង្រីកផលប្រយោជន៍របស់គណបក្សប្រជាធិបតេយ្យនៅ ក្នុងរដ្ឋសភា ៕
ដោយ៖ សាធី
រូបថត៖ THX / TTXVN