ភ្នំពេញ, អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរសព្ទ iPhone 6s ឬថ្មីជាងនេះដើម្បីកែសម្រួលភាពចន្លោះប្រហោងមួយចំនួន និងបានបន្ថែមមុខងារដ៏សំខាន់មួយសម្រាប់ទូរសព្ទ iPhone 12។
ជាដំបូង សម្រាប់លោកអ្នកដែលប្រើទូរសព្ទ iPhone 12 ក្រុមហ៊ុន Apple បានបន្ថែមមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ពិនិត្យមើល ប្រសិនបើប្រព័ន្ធកាំមេរ៉ានៅក្នុងទូរសព្ទ iPhone 12 របស់ពួកគេត្រូវបានប្ដូរ ឬជួសជុលដោយប្រើឧបករណ៍ដែលមិនមានគុណភាព ឬមិនមែនជារបស់ក្រុមហ៊ុន Apple ផ្ទាល់ក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់ពីការជួសជុល។ ដូច្នេះសម្រាប់លោកអ្នកដែលត្រូវការជួសជុលកាមេរ៉ារបស់ទូរសព្ទ iPhone 12 នោះ លោកអ្នកអាចចូលទៅមើលនៅក្នុង Settings ដើម្បីពិនិត្យមើលពីគុណភាពរបស់កាមេរ៉ាបាន ព្រោះបើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន ប្រព័ន្ធកាមេរ៉ាទាំងនោះមិនត្រឹមតែមិនអាចថតរូបបានច្បាស់ល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យទូរសព្ទលោកអ្នកឈប់ដំណើរការបានទៀតផងនៅពេលដែលលោកអ្នកប្រើកម្មវិធីកាមេរ៉ាមួយចំនួន។
ប៉ុន្តែចំណុចមួយទៀត ដែលមានសារៈសំខាន់បំផុតសម្រាប់ការធ្វើបច្ចុប្បន្នភាពនេះ គឺការកែសម្រួលភាពចន្លោះប្រហោងមួយចំនួន ដែលអាចឱ្យជនខិលខូចប្រើកម្មវិធីមេរោគដើម្បីវាយលុកចូលទៅក្នុងទូរសព្ទពីចម្ងាយ នៅពេលដែលលោកអ្នកចូលទៅក្នុងគេហទំព័រដែលមានមេរោគរបស់ពួកគេ។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទរបស់លោកអ្នក នាយកដ្ឋានសូមឱ្យលោកអ្នកធ្វើបច្ចុប្បន្នភាពឱ្យបានឆាប់រហ័ស ព្រោះក្រុមហ៊ុន Apple ក៏បានបញ្ជាក់ផងដែរថាការវាយប្រហារនេះគឺអាចនៅតែបន្តមាននៅឡើយនាពេលបច្ចុប្បន្ន៕
ដោយ, សិលា