ភ្នំពេញ, នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣ម៉៥០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០២៨ អ.យ.ឋ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ របស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងជនរងគ្រោះចំនួន ០៧នាក់ ស្រី (អនីតិជន ០៥នាក់) ករណី ប្រព្រឹត្តអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) នៅចំណុច ០២គោលដៅ ផ្សេងគ្នា ៖
ទី១. នៅចំណុចភោជនីយ៍ដ្ឋាន តាឪ ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឆយ ចន្ថា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ និងជនរងគ្រោះចំនួន ០៣នាក់ ស្រី (អនីតិជន ០២នាក់) ។
២. នៅចំណុចផ្ទះសំណាក់ ហេង មហាសាល ផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជនរងគ្រោះ ចំនួន ០៤នាក់ ស្រី (អនីតិជន ០៣នាក់) មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្ត ។
បច្ចុប្បន្នសមត្ថកិច្ចការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកឯជនរងគ្រោះចំនួន ០៧នាក់ (អនីតិជន ០៥នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕
ដោយ, សិលា