សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានបញ្ជាក់ជាថ្មីពីចេតនារបស់ខ្លួនក្នុងការអនុវត្តតាមផែនការដំបូងនិងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប(យូរ៉ូ)ឆ្នាំ២០២០ នៅក្នុង១២កន្លែងផ្សេងគ្នាដែលមានអ្នកគាំទ្រចូលរួម។
សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយកាលពីថ្ងៃទី២៨ មករាថា តំណាងនៃសមាគមម្ចាស់ផ្ទះទាំង១២បានជួបជាមួយគណៈគ្រប់គ្រងបាល់ទាត់អឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ហើយបានយល់ព្រមពន្យារពេលការដាក់ស្នើផែនការដើម្បីទទួលអ្នកគាំទ្រនៅតាមមូលដ្ឋានរហូតដល់ដើមខែមេសា។
ប្រធាន UEFA លោក Aleksander Ceferin មានប្រសាសន៍ថា “UEFA ប្តេជ្ញាថានឹងមានការប្រកួតពានរង្វាន់ យូរ៉ូ២០២០ នៅក្នុងទីក្រុងចំនួន១២ដែលបានគ្រោងទុក។ ពានរង្វាន់ទ្វីបអឺរ៉ុបគឺជាការប្រកួតប្រជែងដ៏លេចធ្លោសម្រាប់បាល់ទាត់ក្រុមជម្រើសជាតិនៅតំបន់អឺរ៉ុប និងជាប្រភពដ៏សំខាន់នៃការផ្តល់មូលនិធិសម្រាប់មូលដ្ឋាន និងការអភិវឌ្ឍន៍បាល់ទាត់ឱ្យកាន់តែទូលំទូលាយ”។
លោក Aleksander Ceferin បានបន្តថា “ខ្ញុំមានសុទិដ្ឋិនិយមថាអ្វីៗទំនងជាខុសគ្នាខ្លាំងណាស់ទាក់ទងនឹងវីរុសនៅពេលយើងខិតទៅជិតការប្រកួត ហើយវាសំខាន់ណាស់ដែលយើងផ្តល់ឱ្យទីក្រុងម្ចាស់ផ្ទះនិងរដ្ឋាភិបាលឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីបង្កើតរូបភាពត្រឹមត្រូវ អាចនឹងមកដល់ខែមិថុនា និងខែកក្កដា។ អ្នកគាំទ្រគឺជាផ្នែកដ៏ធំមួយនៃអ្វីដែលធ្វើឱ្យបាល់ទាត់មានភាពទាក់ទាញ ពិសេស ព្រឹត្តិការណ៍យូរ៉ូក៏ដូចជាព្រឹត្តិការណ៍នៃការប្រកួតណាមួយដែរ” ៕ដោយ៖ភារៈ