មេបញ្ជាការកងទ័ពជើងគោកអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីបញ្ជាការនៃតំបន់ប្រតិបត្តិការសឹករងប៉ៃលិន

ចែករំលែក៖

ខេត្តបៃលិន ៖ អគារទីបញ្ជាការចំនួន ០១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងប៉ៃលិន តាមរយៈ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។

ពិធីក្រុងពាលី បញ្ចុះបឋមសិលា បានប្រារព្ធស្របទៅតាម ទំនៀមទំលាប់ប្រពៃណី។ ក្នុងឱកាសក្រុងពាលីនោះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងសហការីទាំងអស់បានធ្វើការអុជ ទៀន ធូប និងបួងសួង រំលឹក គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុសក្តិសិទ្ធិក្នុងលោកសូមជួយតាមថែរក្សា និងផ្តល់នូវសេចក្តីសុខសេចក្តីចម្រើន ដល់ការដំណើរការសាងសង់អគារទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិនថ្មី ឱ្យប្រព្រឹត្តិទៅប្រកបដោយសុខសុវត្ថិភាព។

យោងតាម ឧត្តមសេនីយ៍ត្រី​ កែម​ អនុជ មេបញ្ជាការ​ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន​ បានបញ្ជាក់ថា អគារទីបញ្ជាការ ដែលបានប្រារព្ធក្រុងពិលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាពេលនេះ មានទំហំ២៩ម x ៣០ម ស្មើនឹង១,០៣៦ម៉ែត្រការ៉េ មានកំពស់ ១ជាន់ ស្មើ ១៣.៨០ម ។ អគារនេះនឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២២ ដែលទទួលការសាងសង់ដោយកងកម្លាំងវិស្វកម្មកងទ័ពជើងគោក។

ឧត្តមសេនីយ៍ត្រី​ មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងប៉ៃលិន​ បានលើកឡើងថា ជានិច្ចកាល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែត តែងតែបានគិតគូរ យកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ និងជីវភាពរស់នៅ សុខមាលភាព ក៏ដូចជាតម្រូវការផ្សេងៗ របស់កងទ័ពក្នុងការបំពេញភារកិច្ច ដោយបានផ្តល់ និងកសាងជូនដល់អង្គភាពកងទ័ពនូវគ្រប់ ហេដ្ឋារចនាសម្ព័ននានារួមមាន អគារសម្រាប់ធ្វើការងារ, ជំរុំជម្រកស្នាក់នៅ និងបានឧបត្ថម្ភបន្ថែមលើគោលរបបប្រចាំថ្ងៃ ដល់កងទ័ព និងគ្រួសារទ័ពថែមទៀត។

តាមរយៈអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងប៉ៃលិន នៅពេលនេះពិតជាបានលើកទឹកចិត្តដ៏ធំធេងទ្វេឡើងថែមទៀត ដល់យោធិនគ្រប់រូបក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន ដើម្បីរក្សាអោយបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងបានធ្វើឲ្យកងទ័ពមានភាពកក់ក្តៅ ស្មារតីរឹងមាំ អង់អាចក្លាហាន និងមានឆន្ទៈមោះមុតក្នុងការការពារសន្តិសុខ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ឱ្យកាន់តែរឹងមាំថែមទៀត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print