សម្តេចតេជោពិចារណាផ្លាស់ប្តូររដ្ឋមន្ត្រីមួយចំនួនក្នុងឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីមួយចំនួនដែលអសកម្ម ឬមិនព្រម«ងួតទឹក ឆ្លុះកញ្ចក់ និងដុសក្អែល» នោះនឹងត្រូវប្រឈមនឹងការផ្លាស់ប្តូរក្នុងឆ្នាំ២០១៦នេះ ។ នេះជាការលើកឡើងរបស់សម្តេចតេជោហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាទបូកសរុបការងារក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ។

សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចកំពុងពិចារណាក្នុងការផ្លាស់ប្តូរ សមាជិកគណៈរដ្ឋមន្ត្រីមួយចំនួន នៅក្នុងឆ្នាំនេះ បន្ទាប់ពីសម្តេចពិនិត្យឃើញថា មានរដ្ឋមន្ត្រីមួយចំនួនហាក់ដូចជាស្ពឹកស្រពន់ មិនព្រមឆ្លើយតបទៅនឹងអ្វីដែលគេហៅថា កំណែទម្រង់នោះ ។

តាមការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី លោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកអ៊ុក រ៉ាប៊ុន មានកម្សោយនៅក្នុងការងារដែលអាចប្រឈមទៅនឹងការផ្លាស់ប្តូរ ។

ក្រៅអំពីបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានព្រលយឲ្យដឹងផងដែរ អំពីការប៉ុនប៉ងចុះទៅមើលដោយផ្ទាល់ដល់មូលដ្ឋានដើម្បីចង់ដឹងអំពីបញ្ហាឃ្លាំងឈើ ។ សម្តេចមានប្រសាសន៍ថា បញ្ហាឈើនៅតែជារឿងមួយរសើប ដូច្នេះសម្តេចចង់ទៅពិនិត្យមើលឃ្លាំងឈើនោះតែម្តង ។

ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលនៅមានបញ្ហាយឺតយ៉ាវពីសំណាក់អាជ្ញាធរមួយចំនួននោះ សម្តេចក៏គ្រោងចុះពិនិត្យដោយផ្ទាល់ដល់មូលដ្ឋានតែម្តង ដើម្បីចង់ដឹងថា តើការងារថ្នាក់មូលដ្ឋានមានសកម្មភាពបែបណា ។ សម្តេចមានប្រសាសន៍ថា «ខ្ញុំនឹងចុះទៅមូលដ្ឋានជាមួយអង្គរក្សតែពីរនាក់ទេ ដើម្បីងាយស្រួលពិនិត្យមើលការងារជាក់ស្តែង ដោយមិនចាំបាច់ឲ្យមានការរៀបចំទេ» ។ សម្តេចបានបន្តថា អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវធ្វើសេវកម្មតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានល្អ គឺ«ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» ៕

IMG_3576

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print