ភ្នំពេញ៖ គេរាយការណ៍ថា រថយន្តដឹកអង្ករទម្ងន់ជាង៧០តោន ដែលខូចកាលពីពាក់កណ្តាលអធាត្រ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ អូសបន្លាយរហូតដល់ថ្ងៃត្រង់នៅលើស្ពានអ្នកលឿង ឬស្ពានត្សឹបាសា បានទៅដល់គោលដៅរបស់ខ្លួនហើយ។ ជាមួយនោះ ម្ចាស់រថយន្តក៏បានគេចខ្លួនទៅប្រទេសថៃដែរ ។
លោកអ៊ុន សុផាណ្ណារិទ្ធ អធិការរងស្រុកពាមរ បានឲ្យដឹងថា រថយន្តនោះបានដាច់កាឡេ ហើយបានយកកំណល់មកកល់ ដោយសាររថយន្តធ្ងន់ ក៏ធ្វើឲ្យស្រុតកៅស៊ូអ៊ុតលើស្ពាន ។ លោកបន្តថា យ៉ាងណាក៏ដោយមន្ត្រីជំនាញជនជាតិជប៉ុន និងផ្នែកសាធារណការបានដោះស្រាយបញ្ហារួចរាល់អស់ហើយ ។
លោកនួន ចំរ៉ុង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងបានឲ្យដឹងថា នៅតាមបណ្តោយផ្លូវជាតិលេខ១ គ្មានកន្លែងជញ្ជីងថ្លឹងរថយន្តនោះទេ ហើយក៏មិនដឹងថា រថយន្តដឹកអង្ករនោះចេញពីទីណាមកដែរ ។ លោកថា នៅខេត្តព្រៃវែងមានតែផ្លូវជាតិលេខ៨ប៉ុណ្ណោះ ដែលមានជញ្ជីងថ្លឹងរថយន្ត ។ យ៉ាងណាក៏ដោយ ម្ចាស់រថយន្តបានដោះស្រាយបញ្ចប់ជាមួយអ្នកមើលការខុសត្រូវស្ពាននោះហើយ ។
ប្រភពបានរាយការណ៍ថា ម្ចាស់រថយន្តដឹកអង្ករឈ្មោះ ម៉ែន ចាន់បុប្ផា មានទីលំនៅភូមិ-ឃុំពាមកោះ ស្រុកពាមរ ខេត្តព្រៃវែង ។ សេចក្តីរាយការណ៍ខ្លះបានឲ្យដឹងថា ម្ចាស់រថយន្តនេះបានចាកចេញទៅប្រទេសថៃបាត់ហើយ ។ ប្រភពខ្លះបានឲ្យដឹងថា ម្ចាស់រថយន្តនេះមិនមែនរត់ទេ គឺគេទៅតាមរថយន្តដើម្បីទូទាត់ប្រាក់ថ្លៃអង្ករជាមួយភាគីអ្នកទិញ ។
លោក ផែង សុវិជ្ជានោ អ្នកនាំពាក្យក្រសួងសាធារណការ បានថ្លែងថា ពីព្រំប្រទល់ខេត្តស្វាយរៀងជាប់ប្រទេសវៀតណាមដល់រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១ មានជញ្ជីងថ្លឹងរថយន្ត៣កន្លែង ប៉ុន្តែនៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង មិនមានជញ្ជីងថ្លឹងរថយន្តទេ ។ ជញ្ជីងថ្លឹងរថយន្តនៅខេត្តស្វាយរៀងមួយកន្លែង ខេត្តកណ្តាល១កន្លែង និងជាយរាជធានីភ្នំពេញមួយកន្លែង ។
ដើម្បីទប់ស្កាត់ហានិភ័យដែលនឹងកើតមានឡើងនាពេលខាងមុខទៀតចំពោះបញ្ហារថយន្តដឹកលើសទម្ងន់នោះ ក្រសួងសាធារណការនឹងចាត់វិធានការភ្លាមៗបញ្ចុះជញ្ជីង២ថែមទៀតនៅចុងទាំងសងខាងស្ពានត្សឹបាសា ។ នេះបើតាមការអះអាងរបស់លោកផែង សុវិជ្ជានោ ។ លោកបន្ថែមថា ក្រសួងនឹងចាត់វិធានការភ្លាមៗដាក់ជញ្ជីងនៅក្នុងទឹកដីខេត្តកណ្តាល១ និងខេត្តព្រៃវែងមួយ ពោលគឺចុងស្ពានទាំងសងខាង សុទ្ធតែមានជញ្ជីង ។
សម្រាប់ប្រជាពលរដ្ឋនៅតែឆ្ងល់ថា ហេតុអ្វីបានជារថយន្តដឹកលើសទម្ងន់អាចធ្វើដំណើរដោយរលូនឆ្លងកាត់កំណាត់ផ្លូវជាតិពីភាគខាងកើតប្រទេស រហូតដល់ចុងខាងលិចប្រទេស ដែលឆ្លងកាត់កន្លែងថ្លឹងរថយន្តរាប់សិប ប៉ុន្តែនៅតែអាចធ្វើដំណើរបានដល់គោលដៅ ។ ចំណុចនេះមិនដឹងថា តើរថយន្តដឹកអង្ករនោះបានចូលថ្លឹងទម្ងន់ដែរ ឬយ៉ាងណានោះទេ?
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងមហាសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ បានជម្រុញ ឲ្យសមត្ថកិច្ចតាមចាប់រថយន្ត ដែលដឹកលើសទម្ងន់ ធ្វើឲ្យខូចខាតផ្ទៃក្រាលកៅស៊ូរបស់ស្ពានអ្នកលឿង ឬ ស្ពាន ត្សឹបាសា ដែលជាស្ពានឆ្លងទន្លេមេគង្គ ដែលចម្ងាយវែង និងល្អផ្ដាច់គេនៅកម្ពុជា។
វិធានការនេះ បានទាក់ទាញឲ្យមានការគាំទ្រយ៉ាងខ្លាំងក្លា ពីសាធារណៈជន ដែលជាការព្រមានដល់ម្ចាស់រថយន្តដឹកជញ្ជូនទាំងឡាយ កុំឲ្យដឹកលើសទម្ងន់ ជាហេតុបង្ករឲ្យខូចស្ពាន ឬផ្លូវ។ ប៉ុន្តែជាមួយគ្នាក៍មានការទាមទារយ៉ាងទទូចផងដែរ ឲ្យមានការចាត់វិធានការយ៉ាងហ្មឺងម៉ាត់ ចំពោះភ្នាក់ងារថ្លឹងរថយន្ត ដែលមានតាំងទីនៅតាមបណ្ដោយផ្លូវជាតិលេខ១នោះផង ចំពោះភាពខ្វះទំនួលខុសត្រូវរបស់ពួកគេ ។
នៅលើបណ្ដាញសង្គម (face book) នាព្រឹកថ្ងៃទី២៥ កុម្ភៈ ពលរដ្ឋជាច្រើន បានបញ្ចេញយោបល់ចំពោះករណីនេះ ដោយបានទាមទារឲ្យសមត្ថកិច្ច ចាត់វិធានការឲ្យបានតឹងរ៉ឹងទៅលើក្រុមមន្ត្រីគ្រប់គ្រងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ដែលមានតួនាទីត្រួតពិនិត្យលើទម្ងន់ដឹករបស់រថយន្ត។ ពួកគេបានលើកឡើងថា ស្ថានីយ៍ជញ្ជីងភាគច្រើន ដែលគ្រប់គ្រងដោយក្រសួងសាធារណៈការ ឬខេត្ត ជាជញ្ជីងថ្លឹងលុយ ជាជាងការត្រួតពិនិត្យរកឲ្យឃើញបទល្មើស នៃការដឹកលើសទម្ងន់ ដោយសារតែអំពើពុករលួយនេះហើយ ដែលជាដើមចម បណ្ដាលឲ្យស្ពាន ឬផ្លូវ ទទួលរងការខូចខាតនោះ។
គួរបញ្ជាក់ថា បន្ទាប់ពីរថយន្តដឹកអង្ក ធុនធំមួយគ្រឿង កាលពីយប់ថ្ងៃទី២២ កុម្ភៈ បានដាច់កាឡេ នៅលើស្ពានអ្នកលឿង ដ៍ស្រស់ស្អាត ដោយសារតែរថយន្តនោះដឹកលើសទម្ងន់បណ្តាល ឲ្យស្រុតខូចផ្នែកក្រាលកៅស៊ូ ។ ករណីនេះ ក្រុមប្រជាពលរដ្ឋបានទទូចឲ្យរាជរដ្ឋាភិបាល ដាក់ទណ្ឌទោសឲ្យបានខ្លាំងចំពោះអ្នកប្រព្រឹត្ត និង អ្នកទទួលខុសត្រូវចំពោះការប្រឆាំង នឹង បទល្មើសនេះ ។
លើបញ្ហានៃការដឹកជញ្ជូនលើសទំងន់ គេតែងតែឃើញប្រមុខរាជរដ្ឋាភិបាល បានយកវេទិកានានា ដើម្បីអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការទៅលើរថយន្តដឹកទំនិញដែលលើសទំងន់ និងរថយន្តធំៗដែលចូលទៅក្រុងដែលបង្កឲ្យមានការខូចខាតទៅដល់ផ្លូវថ្នល់ ស្ពាន និងស្ទះចរាចរណ៍ ឬបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។
ជាក់ស្តែងករណីរថយន្តផ្ទុកទំនិញលើសទំងន់មួយគ្រឿង ដែលបើកបរឆ្លងកាត់ត្សឹបាសា ឬស្ពានអ្នកលឿងកាលពីពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់ពីការខកខាន ឬការធ្វេសប្រហែសរបស់អាជ្ញាធរជាប់ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់ ឬរារាំង កុំឲ្យរថយន្តធន់ធ្ងន់ដឹកអង្ករដល់ទៅជាង៧០តោនបែបនេះ ឆ្លងកាត់នោះទេ។ តែផ្ទុយទៅវិញ រថយន្តយីឌុបដឹកអង្ករដែលមានទំងន់ដល់ទៅជាង៧០តោនមួយគ្រឿងនេះ បែរជាអាចបើកបរឆ្លងកាត់ស្ពានមួយនេះបាន ដោយមិនទើសភ្នែកសមត្ថកិច្ចនោះឡើយ។
ប្រជាពលរដ្ឋបានចោទជាសំណួរថា តើពីខេត្តស្វាយរៀងមកភ្នំពេញនេះ មិនមានជញ្ជីងថ្លឹងទម្ងន់ទេឬ? ហើយថាតើ អាជ្ញាធរនៅទីនោះធ្វើអ្វី បានជា មើលមិនឃើញរថយន្តធន់យក្សមួយគ្រឿងនេះបើកបរឆ្លងកាត់ភូមិសាស្ត្ររបស់ខ្លួនបែបនេះ? តើនេះ មកពីការធ្វេសប្រហែសរបស់អាជ្ញាធរ ឬក៏មកពីរថយន្តដឹកទំនិញទាំងនោះ មានសិទ្ធិអទិភាពណាមួយ ដែលពិបាកដល់អាជ្ញាធរថ្នាក់ក្រោម ក្នុងការអនុវត្តការងាររបស់ខ្លួន?
តាមពិតទៅ ករណីបែបនេះ មិនមែនជាលើកទីមួយនោះទេសម្រាប់កម្ពុជា។ ជារឿយៗ គេតែងតែបានឮពីសេចក្តីរាយការណ៍នានា ពីការបាក់ស្ពាន ឬការខូចខាតផ្លូវថ្នល់ជាដើម ដែលភាគច្រើនបង្កឡើងដោយសារការផ្ទុកលើសទំងន់របស់រថយន្តដឹកទំនិញរបស់ឈ្មួញ។ ហើយករណីទាំងអស់នោះ ក៏បញ្ចប់ទៅវិញ ត្រឹមតែសំណងជួសជុលបន្តិចបន្តួចប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៤ នៅក្នុងពិធីសម្ពោធផ្លូវមួយខ្សែស្ថិតនៅស្រុកបវេលខេត្តបាត់ដំបង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែបានអំពាវនាវទេ តែថែមទាំងបានព្រមានទៀតផង ទៅដល់មន្ត្រីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យយកចិត្តទុកដាក់ និងត្រួតពិនិត្យ ទៅលើការធ្វើចរាចរណ៍របស់រថយន្តប្រភេទធុនធំៗ ដែលបានដឹកទំនិញលើសចំណុះផ្ទុយពីការកំណត់របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។ ប៉ុន្តែសកម្មភាពល្មើសនេះ នៅតែមានដដែល។ តួយ៉ាងនៅក្នុងករណីរថយន្តយ៉ីឌុបដែលផ្ទុកអង្ករលើសទំងន់ជាង៧០តោននេះ ប្រសិនបើរថយន្តនេះមិនខូចនៅពាក់កណ្តាលស្ពានទេនោះ ក៏ប្រហែលជាមិនមាននណាដឹងនោះឡើយ ហើយបើក្នុងករណីដែលរថយន្តនេះបង្កឲ្យស្ពានដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុននេះបាក់ទៅវិញនោះ តើនណាជាអ្នកទទួលខុសត្រូវ? ៕