ខេត្តក្រចេះ ៖ ក្រសួងទេសចរណ៍បានបង្ហោះលើផេកផ្លូវការថា, ជិះកាណូតធ្វើដំណើរតាមទន្លេមេគង្គប្រមាណតែ ២០ នាទីប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានទៅដល់កោះព្រហ្មចារីយ៍ជាក់ជាមិនខាន់ ខណៈកោះដ៏ទាក់ទាញមួយនេះត្រូវបានគេល្បីតៗគ្នាថា «មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារីយ៍» យ៉ាងដូច្នេះឯង។
កោះព្រហ្មចារីយ៍ ជាផលិតផលទេសចរណ៍ដ៏សំខាន់មួយរបស់ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណតែ ១៧ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។
ជិះទូកសម្លឹងទន្ទឹងមើលភក្ត្រ បំណងជឿជាក់ថាបានជួបថ្លៃ ល្បីឈ្មោះយូរហើយកោះព្រហ្មចារីយ៍ មកដល់ផ្ទះថ្លៃស្អាតដូចគេថា។ ក្រមុំស្រុកក្រៅមិនស្មើអូនទេ ទេសចរលង់ស្នេហ៍ឆោមកែវកនិដ្ឋា គ្រប់លក្ខណ៍ប្រពៃសមនឹងចរិយា គាប់ដួងនេត្រាសឹងគ្មានចន្លោះ។ ម្លប់ឈើប្រក់បាំងត្រជាក់គង្គា ហាត់ហែលហូរហៀប៉ប្រះមាត់កោះ ឆ្នេរខ្សាច់ធម្មជាតិសន្ធឹងសក្បុស រចនាសម្រស់ក្រោមមេឃខៀវខ្ចី។ កោះនេះខេមរាច្នៃជាទេសចរណ៍ ផ្សព្វផ្សាយខ្ទារខ្ទ័រដល់ជាតិដទៃ សម្បូរសម្បត្តិធនធានលើដី ជាប់នាមកើតថ្មីអេកូទេសចរណ៍។
នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ប្រតិភូដែលដឹកនាំដោយលោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក គង់ សូលីដា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តម ហេង សុខចំរើន នាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ លោកស្រី ឆាយ ស៉ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ព្រមទាំងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងក្រុមអ្នកសារព័ត៌មាន អមដំណើរដោយលោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ និងលោក ប៉ុន សំបូរ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានធ្វើដំណើរទៅទស្សនកិច្ចនោះកោះព្រហ្មចារីយ៍នេះ។
ស្ថិតក្នុងឱកាសនោះ លោក ចាន់ សុគន្ធី បានអំពាវនាវផ្សព្វផ្សាយតាមរយៈសារព័ត៌មានដែលរួមដំណើរជាមួយគ្នានោះ ទៅកាន់ភ្ញៀវទេសចរថា គួរតែទៅទស្សនាកោះសហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយនោះ ពិសេសគឺដើម្បីបានទស្សនាសត្វផ្សោត សត្វក្ដាន់ដែលសុទ្ធតែជាសត្វកម្រ មកទស្សនាកោះព្រហ្មចារីយ៍ដែលមានទេសភាពព្រៃឈើ ព្រៃលិចទឹកមានក្បូរក្បាច់ល្អពីធម្មជាតិ ឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចសាច់នារីក្រមុំព្រហ្មចារីយ៍ ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ ព្រមទាំងបានទស្សនាទេសភាពដងទន្លេមេគង្គទាំងមូលផងដែរ។
លោកអនុប្រធានមន្ទីរ ប៉ុន សំបូរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ មន្ទីរទេសចរណ៍ខេត្តក្រចេះបានសហការជាមួយអង្គការ WWF រៀបចំបង្កើតសហគមន៍ថ្មីមួយឡើងនាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ដោយដាក់ឈ្មោះជាផ្លូវការថា «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ»។ ការបង្កើតសហគមន៍នេះមានគោលបំណងដើម្បីផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋានមានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍របស់ខ្លួន ព្រមទាំងអាចទទួលបានផលប្រយោជន៍ពីទេសចរណ៍ លើកកម្ពស់ជីវភាព កាត់បន្ថយការចំណាកស្រុក ពិសេសគឺដើម្បីចូលរួមការពារអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ មានដូចជាធនធានព្រៃឈើ សត្វព្រៃ ពិសេសគឺសត្វក្ដាន់ សត្វផ្សោត។
នៅក្នុងសហគមន៍មានសក្ដានុពលទេសចរណ៍ជាច្រើន ដូចជា ដងទន្លេមេគង្គដែលមានភាពទាក់ទាញយ៉ាងសំខាន់ កោះព្រហ្មចារីយ៍ដែលជាសម្បុកនៃទេសភាពដ៏ស្រស់ត្រកាលចម្រុះសម្បូរបែប ការទស្សនាសត្វផ្សោត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ពិសេសគឺការទៅទស្សនាសត្វក្ដាន់ដែលជាសត្វកម្រហើយនៅមានវត្តមានក្នុងតំបន់នេះ និងសក្ដានុពលផលិតផលទេសចរណ៍ជាច្រើនទៀត។ ក្រៅពីនេះ ភ្ញៀវទេសចរអាចជិះទូក-កាណូតទស្សនាតាមដងទន្លេ ដើម្បីមើលសត្វផ្សោត និងទៅលេងលើកោះព្រហ្មចារីយ៍ ស្ទួចត្រី ពិចនិកនៅលើកោះ និងសកម្មភាពទេសចរណ៍ជាច្រើនទៀត។
លោកបានបន្តថា តាមរយៈផែនការបង្កើតសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយរបស់មន្ទីរទេសចរណ៍ខេត្តក្រចេះ នៅមានសកម្មភាពមួយចំនួនដែលត្រូវអនុវត្តជាបន្តទៀត ដូចជា វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពគណៈកម្មាការ និងសមាជិក-សមាជិកាសហគមន៍ទៅលើមូលដ្ឋានគ្រឹះក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ការគ្រប់គ្រងផលិតផល និងសេវាកម្មអេកូទេសចរណ៍ ការគ្រប់គ្រងរដ្ឋបាលថ្នាក់សហគមន៍ ការគ្រប់គ្រងធនធានធម្មជាតិ និងការគ្រប់គ្រងការសំណល់ក្នុងវិស័យទេសចរណ៍ និងការធ្វើទីផ្សារ និងផ្សព្វផ្សាយកម្រិតសហគមន៍ផងដែរ។
បើតាមលោក ប៉ុន សំបូរ ដំណើរដើមទងនៃការដាក់ឈ្មោះកោះធម្មជាតិកណ្ដាលដងទន្លេមេគង្គមួយនេះ គឺពីដំបូងឡើយ អ្នកស្រុកនៅទីនោះហៅកោះនេះថា «កោះយ៉ៃ» ប៉ុន្តែក្នុងពេលដែលលោក ឡូយ សុផាត នៅធ្វើជាអភិបាលខេត្តក្រចេះ លោកបានចុះទៅសិក្សាស្រាវជ្រាវនៅលើកោះនេះមុនគេ ហើយដោយឃើញទីធ្លាខ្សាច់ស្អាតសក្បុស ទេសភាពគួរជាទីរមណីយ ដែលប្រៀបដូចជានារីក្រមុំព្រហ្មចារីយ៍ ហើយមិនទាន់មានអ្នកណាទៅលេងកម្សាន្តផងនោះ លោកក៏សម្រេចជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកភាពដាក់ឈ្មោះកោះនេះថា «កោះព្រហ្មចារីយ៍» តែម្ដងទៅ៕
ដោយ, សិលា