ខេត្តបាត់ដំបង: អនុវត្តតាមបទបញ្ជារបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ខ្ចៅ សម្បត្តិ មេបញ្ជាការ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានដឹកនាំកម្លាំងរួមមានលោកមេបញ្ជាការ កងអនុសេនាធំទី១ ទី២ ទី៣ ចុះដើរល្បាត និងត្រួតពិនិត្យកម្លាំងឈរជើងតាមគោលដៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការចូលមកវិញរបស់ប្រជាពលករខ្មែរពីប្រទេសថៃ និងសហការជាមួយកម្លាំងចម្រុះ មន្ត្រីជំនាញដើម្បីនាំគាត់មកដាក់តាមមណ្ឌលចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាល់នៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ក្នុងពេលដើរល្បាត ត្រួតពិនិត្យកម្លាំងឈរជើងតាមគោលដៅ លោកមេបញ្ជាការ វរសេនាតូចលេខ១ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងបានណែនាំដល់កងកម្លាំងទាំងអស់ដែលកំពុងឈរជើងតាមគោលដៅ ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវឲ្យបានខ្ពស់ ថែរក្សាសុខភាព ធ្វើអនាម័យឲ្យបានល្អ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩៕
ដោយ, សិលា