ខេត្តកណ្ដាល៖ រថយន្ត និងម៉ូតូបានបើកបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ រុន បឹង អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឈើកាច់ ឃុំកំពង់សិង្ហ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1511 បើកបរដោយឈ្មោះ គង់ ប៊ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិបឹងវែង សង្កាត់វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ ខណៈមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1E-0899 បើកបរដោយបុរសម្នាក់ក្នុងទិសដៅ(ភ្នំពេញ-អ្នកលឿង) បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅនឹងកន្លែងកើតហេតុ។ ក្រោយមក អ្នកបើករថយន្តបានព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានមកវិញបញ្ជូនទៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីសួរនាំបន្ត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានស្រុកកៀនស្វាយ រង់ចាំដោះស្រាយបន្តតាមនីតិវិធី៕ដោយ៖ជ្រោយពេជ្រ