អន្តរជាតិ៖ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ទីភ្នាក់ងារសារព័ត៌មាន CNA បានចុះផ្សាយថា សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះដែរ បានជំរុញឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី អោងសាន ស៊ូជី និងក្រុមមន្ត្រីជាច្រើនរូបទៀតនៃរដ្ឋាភិបាលរបស់លោកស្រី ដែលត្រូវបានចាប់ឃុំខ្លួន ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ ជាមួយការព្រមានចាត់វិធានការឆ្លើយតបផងដែរ ប្រសិនបើការអំពាវនាវរបស់ខ្លួនមិនត្រូវបានទទួលយក។
ជាក់ស្តែងអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ចេន ផ្សាគី (Jen Psaki) នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទ ទី០១កុម្ភៈនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកប្រឆាំងជំទាស់ជាដាច់ខាត ទៅនឹងរាល់ការប៉ុនប៉ងកែប្រែលទ្ធផលបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយយើងនឹងចាត់វិធានការឆ្លើយតប ទៅនឹងអ្នកទទួលខុសត្រូវទាំងឡាយ ប្រសិនបើពួកគេមិនព្រមបកក្រោយវិញទេនោះ»។
មិនតែបុណ្ណោះ អ្នកនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកជំរុញ និងលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ ចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
គួរជម្រាបដែរថា បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានធ្វេីរដ្ឋប្រហារក្ដោបក្ដាប់អំណាច និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយនោះ។ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ បន្ទាប់ពី ពួកគេចាប់ឃុំខ្លួនលោកស្រី ស៊ូជី និងមន្ត្រីជាន់ខ្ពស់របស់លោកស្រីជាច្រើនរូបទៀត។
ដោយឡែកបេីតាមការអះអាងពី យោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថាអ្វីដែលពួកគេបានធ្វើគឺជាការឆ្លើយតបទៅនឹងការបោះឆ្នោត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលពួកគេចោទថាត្រូវបានលួចបន្លំ៕ដោយ៖ស តារា