ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពជំងឺកូវីដ១៩មិនទាន់ស្រាកស្រាននោះទេ។ សម្តេចតេជោ បានសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកកំពុងធ្វើចត្តាឡីស័កមិនអាចកាត់បន្ថយចំនួនថ្ងៃបាននោះទេ។ អ្នកចូលមកកម្ពុជាត្រូវតែធ្វើតេស្តសុខភាព និងចត្តាឡីស័ក១៤ថ្ងៃដោយមិនអាចខានបាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា, ពេលនេះមិនមែនជាពេលត្រូវស្តីបន្ទោសគ្នានោះទេ តែជាពេលដែលប្រទេសទាំងអស់ ត្រូវសហការគ្នាដោះស្រាយបញ្ហា។ ក្នុងនោះសម្តេចមានប្រសាសន៍ថា, ពលករខ្មែរនៅថៃចំនួន១៣៦នាក់ កើតជំងឺកូវីដ១៩។ ត្រូវរួមគ្នាការពារឱ្យបានកុំឱ្យមានការឆ្លងចូលសហគមន៍ជាថ្មី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចូលសមរភូមិសង្គ្រាម និងសមរភូមិចរចាជាច្រើន តែមិនដែលតក់ស្លុតនឹងបញ្ហានោះទេ។ ប៉ុន្តែការប្រយុទ្ធនិងសមរភូមិកូវីដ១៩ ថ្ងៃខ្លះសម្តេចត្រូវញ័រដៃ។ ប្រយុទ្ធលើសមរភូមិកូវីដ១៩ មិនស្ថិតលើអ្នកមាន ឬអ្នកក្រនោះទេ តែស្ថិតលើអភិបាលកិច្ចល្អ។
សម្តេចតេជោ ហ៊ុន សែន បានបន្យថា, ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នាពេលកន្លងទៅ ដោយសារមានការចូលរួមពីប្រជាពលរដ្ឋ។ ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋកុំភ្លេចវិធានការ «៣កុំ» និង «៣ការពារ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និងជំនួយជួយទិញវ៉ាក់សាំង។ សម្តេចតេជោ បានលើកឡើងថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាពនៅក្នុងសង្គមកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងវិធានការរាំងខ្ទប់វ៉ាក់សាំងរបស់សហភាពអឺរ៉ុប។ សម្តេចតេជោ បានបញ្ជាក់ថា ពិភពលោកចាត់ទុកវ៉ាក់សាំងជាទំនិញរួម។ សម្តេចតេជោ ហ៊ុន សែន តាមរយៈទូតអឺរ៉ុប ជួយនាំសារនេះទៅកាន់សហភាពអឺរ៉ុប។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានប្រមាណ ២០លានដូស។ ក្នុងនោះទទួលបានជំនួយពីចិន ១លានដូស (មកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស), ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧លានដូស, ទិញតាមកូវ៉ាក់១លានដូស និងទទួលបានតាមរយៈជំនួយពីអូស្ត្រាលីខ្ទង់៣លានដូស។ ក្រៅពីនោះកម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេទ្យកងទ័ពបានហ្វឹកហ្វឺនរួចហើយ ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំង។ បើវ៉ាក់សាំងមួយដូសតម្លៃចន្លោះ ៤ ទៅ៥ដុល្លារ គឺព្រះរាជអំណោយព្រះមហាក្សត្រ និងមហាក្សត្រី ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរជាង ៥៧លានដុល្លារ គឺគ្រប់គ្រាន់។ សម្តេចតេជោ ហ៊ុន សែន ប្រកាសសុំជំនួយវ៉ាក់សាំង ពីសហភាព និងអឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំនិយាយថាកម្ពុជាមើលឃើញ ឬត្រូវការតែចិននោះ។ នយោបាយរបស់កម្ពុជា ត្រូវការជុំវិញខ្លួនទាំងអស់៕
ដោយ, សិលា