​​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចុះបង្រ្កាបជនជាតិចិននិងខ្មែរ៦នាក់​ ក្នុងសណ្ឋាគារយីហោ«លី ស៊ី​ជិន» ក្នុង​​កោះ​ពេជ្រ​ព្រមទាំងដកហូត​កាំភ្លើងខ្លី​ចំនួន២ដើម​ ក្រោយផ្ទុះអាវុធមួយគ្រាប់

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីជនជាតិចិនពីរក្រុម​ បានធ្វេីសកម្មភាពផ្ទុះអាវុធមួយគ្រាប់នៅក្នុងសណ្ឋាគារយីហោ«លី ស៊ី​ជិន» មួយកន្លែងនៅក្នុង​​បរិវេណកោះ​ពេជ្រ​ ភ្លាមនោះបង្កការភ្ញាក់ផ្អេីលដល់កម្លាំងកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចុះបង្រ្កាប​ និងឃាត់ខ្លួនបានជនជាតិចិននិងខ្មែរ​ សរុប៦នាក់។

ករណីជនជាតិចិនផ្ទុះអាវុធខាងលើនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​១០និង​៣០​នាទី​យប់ថ្ងៃ​ទី៣១ ​មករា នៅ​ចំណុច​សណ្ឋាគារ​យីហោ​ «លី ស៊ី​ជិន» ស្ថិត​នៅ​ជាន់​ទី​៨ ស្ថិតក្នុងបរិវេណ​កោះ​ពេជ្រ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើហេតុមានករណីផ្ទុះអាវុធ​មួយ​គ្រាប់​ បង្កឡេីងដោយក្រុមជនជាតិចិនពីរក្រុម​ បានឈ្លោះប្រកែកគ្នារហូតឈានដល់ការផ្ទុះអាវុធមួយគ្រាប់ ផ្អើលដល់​​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ និង​កម្លាំង​នគរបាល​ចម្រុះបានបេីកប្រតិបត្តិការចុះឡោម​ព័ទ្ធសណ្ឋាគារនេះ​ បានឃាត់មនុស្ស​ចំនួន៦នាក់ ក្នុង​នោះ​ ​ចិន៥នាក់ និង​ខ្មែរ​ម្នាក់ និង​ដកហូត​កាំភ្លើងខ្លី​ចំនួន២ដើមផងដែរ។

ចំណែកបុរសម្នាក់ ជា​សន្តិសុខ​នៅ​កោះ​ពេជ្រ​ ក៏បានឱ្យដឹងដែរថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ពេល​ខ្លួន​កំពុង​អង្គុយ​នៅ​គោលដៅ​បុរី​វរជន ក៏​បានឮសំលេង​ផ្ទុះអាវុធ​​១​គ្រាប់ ចេញពី​អគារ​​នោះ តែមិន​ដឹង​ថា មានរឿងអ្វីកើតឡើងនោះទេ។

បើតាមលោក វរសេនីយ៍ទោ មៀច ឈួនសុីម៉ូលីន អធិការរងខណ្ឌចំការមន ក៏បានប្រាប់អង្គភាពនគរដ្រេហ្គន នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ២០២១នេះថា​ ពាក់ព័ន្ធករណីខាងលេីនេះ​ គឺជនជាតិចិន២ក្រុមនេះបានឈ្លោះប្រកែកគ្នារឿងជំពាក់លុយ។ ប៉ុន្តែពេលនិយាយគ្នាមិនត្រូវក៏មានការផ្ទុះអាវុធតែម្តង​ តែមិនមានអ្នករងរបួសនោះទេ។

ក្រោយប្រតិបត្តិការរួច​ ជនសង្ស័យទាំងអស់ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅសាកសួរបន្ត​ ដើម្បីអនុវត្តតាមនិតិវិធី៕ដោយ៖ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print