ភ្នំពេញ៖ ថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលទទួលបានពីមូលនិធិ SS Fundraiser របស់អ្នកនាងសារីន និងលោកស៊ុក សុភា រស់នៅប្រទេសអូស្រ្តាលី និងថវិកាផ្ទាល់ខ្លួនមួយចំនួនទៀតរបស់លោក សន វិជ្ជបុត្រ ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅបរិវេនមន្ទីរពេទ្យគន្ធបុប្ផាទី៤ជិតវត្តភ្នំ។
តារាប្រុសស្រីល្បីឈ្មោះនៅកម្ពុជាជាច្រើនរូបបានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើលនៅមន្ទីរពេទ្យគន្ធបុប្ផា នាកម្មវិធីប្រគល់អំណោយថវិការសប្បុរសធម៌ខាងលើ។ គួរបញ្ជាក់ដែរថាវត្តមានរបស់លោក សុះ ម៉ាច លោក ឈឿន ឧត្តម អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា ឌួង ហ្សូរីដា អ្នកនាងស្វែង សុជាតា អ្នកនាង ឈួន សុវណ្ណឆៃ លោក អែនឌី កញ្ញា ថន លក្ខិណា លោក ជ័យ សុវ៉ាត លោក រតនៈ វិសិដ្ឋ កញ្ញាពេជ្រ អាវីហ្សា កញ្ញា ថន តារា កញ្ញា ហេង ស្រីពេជ្រ កញ្ញា ប៊ុន ផៃលីន លោក ស៊ន វិជ្ជបុត្រ លោក គុន រៀមរតនៈ ហៅ វីហ្សា ជាដើម។
ថវិកាដែលទទួលបាននេះ គឺបន្ទាប់ពីអ្នកនាងសារីនណា និងលោកស៊ុក សុភា ដែលជាអតីតតារាសម្ដែង និងជាម្ចាស់មូលនិធិផ្ទាល់ បានសម្រេចរៀបចំពិធីប្រគំតន្ត្រីចំនួន២លើកនៅលើទឹកដីប្រទេសអូស្រ្តាលី កាលពីថ្ងៃទី៥ ខែធ្នូ និងលើកទី២នៅថ្ងៃទី២៦ ខែធ្នូ ក្នុងឆ្នាំ២០១៥ តាមរយៈការអញ្ជើញតារាចម្រៀងចំនួន៤នាក់ពីកម្ពុជា ទៅច្រៀងរាំស្វែងរកថវិកានៅក្នុងប្រទេសអូស្រ្តាលី។ ថវិកាចំនួន១ម៉ឺនដុល្លារអាមេរិកនេះ មួយភាគសល់ពីការប្រគំតន្ត្រី និងមួយភាគទៀត គឺជាការបរិច្ចាគរបស់បងប្អូនខ្មែររស់នៅប្រទេសអូស្រ្តាលី តាមរយៈ អ្នកនាងសារីនណា និងលោកស៊ុក សុភា ដើម្បីឲ្យគ្រប់ចំនួន១ម៉ឺនដុល្លារអាមេរិកតាមការគ្រោងទុក។
តំណាងមូលនិធិ SS Fundraiser ប្រចាំនៅប្រទេសកម្ពុជាលោក ផាត់ តារារដ្ឋ បានអះអាងថា ថវិកា១ម៉ឺនដុល្លារនេះ គឺជាការប្រឹងប្រែងយ៉ាងអស់សមត្ថភាពរបស់ម្ចាស់មូលនិធិដោយផ្ទាល់ ដើម្បីរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ។ យ៉ាងណាក៏ដោយ នេះមិនមែនជាទីបញ្ចប់នៃការរួមចំណែកនោះទេ ដ្បិតបន្ទាប់ពីការផ្ដល់ជំនួយនេះទៅ អ្នកនាងសារីនណា និងលោកស៊ុក សុភា បានសម្រេចធ្វើការប្រគំតន្ត្រីបែបសប្បុរសធម៌យ៉ាងហោចមួយដង ទៅ២ដង តាមរយៈការធានាតារាចម្រៀង តារាសម្ដែងពីស្រុកខ្មែរទៅធ្វើសកម្មភាពច្រៀងរាំរ៉ៃអង្គាសប្រាក់បែបនេះ ដើម្បីបន្តស្វែងរកកញ្ចប់ថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងទុរគតជនជាច្រើនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ពេលកន្លងមក មូលនិធិ SS Fundraiser របស់អ្នកនាងសារីនណា និងលោកស៊ុក សុភា បានរួមចំណែកក្នុងការងារសប្បុរសធម៌បែបនេះនៅកម្ពុជាច្រើនលើកមកហើយ ដូចជាជួយសង់ទីជម្រកដល់ចាស់ជរា ទីទ័លក្រ ជួយជីកអណ្ដូងទឹកស្អាតដល់សហគមក្រីក្រ ជួយសង់បង្គន់អនាម័យ និងជួយសង់សាលារៀនបានមួយខ្នងជូនដល់សហគមសិស្សនៅខេត្តបាត់ដំបង។ ដោយឡែកចំពោះសកម្មភាពរ៉ៃអង្គាសថវិកាតាមរយៈ Page SS Fundraiser ជួយដល់តារាសិល្បៈចាស់ៗ និងទុរគតជនផ្សេងៗ ក៏បានច្រើនផងដែរ ដោយគ្មានការរើសអើង ឬប្រកាន់និន្នាការនិយោបាយឡើយ។
ក្រៅពីថវិការចំនួនមួយម៉ឺនដុល្លាររបស់មូលនិធិ SS Fundraiser តារាចម្រៀងប្រចាំផលិតកម្មអឹម(M)លោក សន វិជ្ជបុត្រ ក៏បានប្រគល់ថវិកាផ្ទាល់ខ្លួនចំនួន១ពាន់ដុល្លារសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ លោកបញ្ជាក់ថា ថវិកានេះបានពីការច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីកាលពីថ្មីៗកន្លងមកនេះដែលលោកសន្យាថានឹងយកថវិកាទាំងអស់ពីការច្រៀងដើម្បីជាអំណោយសប្បុរសធម៌ជូនមន្ទីរពេទ្យនេះ។ លោកបន្តទៀតថាលោកមិនមានថវិកាជាដុំកំភូនសម្រាប់ជួយសង្គមមែនប៉ុន្តែវាកើតចេញពីទឹកចិត្តអាណិតស្រលាញ់របស់លោកចំពោះក្មេងៗដែលត្រូវការជំនួយជាចាំបាច់។ លោកបន្តថា នៅដើមខែមិនាខាងមុខនេះលោកនិងតារាចម្រៀងពីររូបផ្សេងទៀតនឹងចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីដើម្បីច្រៀងរាំរកលុយនៅទីនោះប្រយោជន៍ជួយដល់មន្ទីរពេទ្យមួយនេះរួមនឹងសកម្មភាពសប្បុរសធម៌មួយចំនួនទៀត។
តំណាងមន្ទីរពេទ្យគន្ធបុប្ផា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់មូនិធិ សប្បុរសជន ក៏ដូចជាសិល្បករសិល្បការិនីដែលចំណាយពេលវេលា ថវិកា កម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ជួយដល់កិច្ចការសង្គមពិសេសជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលប្រឈមនឹងការខ្វះខាត។ ក្រៅពីកោតសរសើរដល់សិល្បករ តំណាងមន្ទីរពេទ្យក៏បង្ហាញពីក្តីរំភើបចំពោះទឹកចិត្តសប្បុរស ក្តីអាណិតស្រលាញ់របស់សប្បុរសជននានាពិសេសប្រជាពលរដ្ឋខ្មែរដែលបានបង្ហាញពីសកម្មភាពផុសផុលជួយដល់មន្ទីរពេទ្យ៕
ដោយ៖ វឌ្ឍនា