មេបញ្ជាការយោធភូមិភាគទី១ ដឹកនាំប្រតិភូចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលឈរជើងការពារបូរណភាពទឹកដី នៅទិសព្រំដែន កម្ពុជា-ឡាវ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី១ រួមនិងនាយទាហានជាន់ខ្ពស់មួយចំនួន ក្នុងទីបញ្ជាការយោធភូមិភាគទី១ បានចុះសំណេះសួរសុខទុក្ខ បងប្អូនកងទ័ព ដែលឈរជើងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅទិសព្រំដែន កម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងកំឡុងពេលចុងសប្ដាហ៍កន្លងទៅ។

គ្រប់បណ្តាចំណុចដែលត្រូវបានអញ្ជើញទៅដល់ ឧត្តមសេនីយ៍ឯក ហួត ឈាង បានពាំនាំ នូវការ ផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចំពោះបងប្អូនកងទ័ពយើង និងបានណែនាំ ដល់មេបញ្ជាការគ្រប់ចំណុច រួមទាំងបងប្អូនយើង ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ដោយអនុវត្តនូវវិធានអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេស វិធានការរបស់ ក្រសួងសុខាភិបាលស្តីអំពីការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩។ ក្នុងករណីដែលមានបងប្អូនណាមានជំងឺ មេបញ្ជាការត្រូវប្រញាប់ ប្រញាល បញ្ជូនទៅឲ្យក្រុមគ្រូពេទ្យប្រចាំការព្យាបាល ឬ ត្រូវបញ្ជូនទៅព្យាបាល នៅគិលានដ្ឋាន ជួរមុខ យោធភូមិភាគទី១ ជាបន្ទាន់ ។

ក្នុងឱកាសនោះដែរ មេបញ្ជាការយោធភូមិភាគទី១ និងក្រុមការងារ ក៏បានធ្វើការត្រួតពិនិត្យ សភាពការណ៍ភូមិសាស្ត្រ ទីតាំងឈរជើង ប្រព័ន្ធលេណដ្ឋាន និង ស្តាប់នូវរបាយការណ៍ របស់មេបញ្ជាការគ្រប់ចំណុច ព្រមទាំងផ្តល់នូវអនុសាសន៍ណែនាំ និង ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទាក់ទងនិងការអនុវត្តន៍ នូវភារកិច្ចស្នូលរបស់កងទ័ពយើង ដោយត្រូវការពារឲ្យបានដាច់ខាត នូវបូរណភាពទឹកដីមិនឲ្យបាត់បង់ ចាត់តាំងកំលាំងប្រចាំការ ប្រចាំបញ្ជា ២៤ម៉ោងលើ ២៤ម៉ោង តាមដានក្តាប់គ្រប់សភាពការណ៍ដែលកើតមាន ឡើងក្នុងភូមិសាស្ត្រ ដែលអង្គភាពនីមួយៗទទួលខុសត្រូវ ទប់ស្កាត់ ដោះស្រាយឲ្យបានទាន់ពេលវេលា និងត្រូវរាយការណ៍ តាមឋានានុក្រម ជាបន្ទាន់ ទៅថ្នាក់លើ ដើម្បីទទួលបាននូវបទបញ្ជាថ្មីដើម្បីជាមូលដ្ឋាន សំរាប់ការដោះស្រាយ ដោយឈរលើគោលការណ៍ សាមគ្គីភាព សន្តិសហវិជ្ជមាន រវាងប្រទេសភូមិផងរបងជាមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ក្លាយជាតំបន់សន្តិភាព ស្ថិរភាព ការសហការ និងការអភិវឌ្ឍន៍៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print