ពលរដ្ឋរស់នៅក្នុងសហគមន៍ Fijian រាប់ពាន់នាក់ នៅតែបន្តគ្មានទីជម្រកស្នាក់នៅ បន្ទាប់ពីការវាយប្រហារភ្លាមៗពីខ្យល់ព្យុះដែលមានកម្លាំងខ្លាំងកាលពីចុងសប្តាហ៍កន្លងមកនោះ ។ នេះបើតាមមន្ត្រីប្រកាសឲ្យដឹងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ក្រុមផ្តល់ជំនួយមនុស្សធម៌បាននិងកំពុងឆ្ពោះទៅកាន់តំបន់រងគ្រោះដែលស្ថិតនៅប្រជុំកោះប៉ាគីស៊ីហ្វិកភាគខាងត្បូង ។
ជនរងគ្រោះបាត់បង់ជីវិតដោយសារខ្យល់ព្យុះ Cyclone Winston បានកើនឡើង ។ មន្ត្រីគ្រប់គ្រងមហន្តរាយ បញ្ជាក់ថា ជនរងគ្រោះដែលបាត់បង់ជីវិតបានកើនឡើង៤២នាក់ ។ ជនរងគ្រោះអាចកើនឡើងច្រើនជាងនេះ ។
មន្ត្រីគ្រប់គ្រងមហន្តរាយបានប៉ាន់ប្រមាណថា ពលរដ្ឋ៣៥.០០០នាក់បាននិងកំពុងស្នាក់នៅក្រោមដំបូលតង់បណ្តោះអាសន្ន ។ ពួកគេទទួលរងកង្វះខាតស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ។ ពលរដ្ឋសរុបជាង៩០០.០០០នាក់បាននិងតាំងទីលំនៅលើដែនកោះនានាក្នុងប្រជុំដែនកោះជាង៣០០ ។
ទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌អន្តរជាតិបាននិងកំពុងឆ្ពោះទៅកាន់តំបន់ដែលរងគ្រោះ ។ ប៉ុន្តែទោះបីយ៉ាងណា ក្រុមផ្តល់ជំនួយមនុស្សធម៌ទាំងនោះបានជួបឧបសគ្គផងដែរ ដោយសារប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ ជាពិសេសទៀតនោះ ទីតាំងដែលរងគ្រោះខ្លាំងបំផុតស្ថិតនៅតំបន់ដាច់ស្រយាល់ ។
លោក Dylan Quinnell អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា សហគមន៍ដាច់ស្រយាល់មួយចំនួន ដែលរងការវាយប្រហារដោយខ្យល់ព្យុះ ក្រុមជួយសង្គ្រោះ ក៏ដូចក្រុមផ្តល់ជំនួយមនុសធម៌នៅមិនទាន់ចូលទៅដល់នៅឡើយ ក្នុងនោះមានតំបន់ Yasawa ស្ថិតនៅឈូងសមុទ្រភាពពាយព្យនៃដែនកោះដែលធំបំផុតរបស់ Fiji គឺដែនកោះ Viti Levu ចាប់តាំងពីខ្យល់ព្យុះបក់បោកវាយប្រហារកាលពីចុងសប្តាហ៍មុននោះផងដែរ ។ តំបន់រងគ្រោះផ្សេងទៀតក្រុមជួយសង្គ្រោះបានចូលទៅដល់ និងបានធ្វើសកម្មភាពជួយដល់ពលរដ្ឋរងគ្រោះ ។
លោក Clements បានបន្តថា ពលរដ្ឋរងគ្រោះនៅទីនោះបានចេញក្រៅ ហើយប្រមូលរបស់របរគ្រប់យ៉ាងដែលពួកគេអាចធ្វើទៅបាន ។ វាមិនដូចទៅនឹងការអង្គុយនៅក្រោមដំបូលប្រក់តង់របស់ពួកគេដោយក្តីអស់សង្ឃឹមនោះឡើយ ។ ពួកគេអាចរៀបចំ សម្អាត និងសាងសង់លំនៅឋានឡើងវិញដោយខ្លួនឯងបាន ។
ក្រុមបុគ្គលិកផ្តល់ជំនួយមនុស្សធម៌ចំពោះពលរដ្ឋរងគ្រោះខាងលើបានប្រកាសផ្សព្វផ្សាយ និងព្រមានឲ្យដឹងពីការឆ្លងរាលដាលនៃវីរុសហ្សីកាផងដែរ ៕ ប្រែសម្រួល៖ ថាច់ យ៉ាត