រឿងព្រេងនិទានខ្មែរ÷រឿង សំលាញ់ពីរនាក់

ចែករំលែក៖

កាលពីព្រេងនាយ មានបុរសពីរនាក់ជាសំលាញ់នឹងគ្នា និយាយសន្យាគ្នាថា «កាលបើយើងមានប្រពន្ធហើយឯងក្ដី អញក្ដី បើមានទ្រព្យសម្បត្តិត្រូវយើង ចិញ្ចឹមគ្នាទៅវិញទៅមក»។ សន្យាគ្នាហើយយូរបន្តិចទៅសំលាញ់មួយ មានប្រពន្ធគ្រប់លក្ខណ៍ សំលាញ់មួយទៀតមានប្រពន្ធខាតលក្ខណ៍។ បុរសដែលមានប្រពន្ធគ្រប់លក្ខណ៍នោះ វេលាយប់ចូលដំនេក និយាយគិតគ្នាប្ដីប្រពន្ធថា «យើងរកស៊ីអីឲ្យមានឆាប់»។ ប្រពន្ធឆ្លើយថា “អ្នកចង់រកស៊ីអី ឬប្រើខ្ញុំឲ្យត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទទឹងទាស់ចិត្តអ្នកទេ»។

លុះកន្លងមកពេលចូលដំណេកយប់ក្រោយទៀត ប្ដីនិយាយនឹងប្រពន្ធថា «នាងអើយបងគិតឃើញរបរមួយមុខ បើបានដូចគំនិតនឹងបានមាសប្រាក់ ផ្ដិល តុ ថាស ដោយងាយ»។ ប្រពន្ធសួរប្ដីថា «គិតធ្វើដូចម្ដេចក៏បានងាយម្លេះ? » ។ ប្ដីប្រាប់ប្រពន្ធថា “ក្នុងសមុទ្រមានសំពៅអ្នកជំនួញគ្រប់ប្រទេស ខ្លះសុខសប្បាយខ្លះលិចលង់ច្រើនឆ្នាំមកហើយរបស់ទ្រព្យសព្វសារពើ មាសប្រាក់កប់ នៅបាតសមុទ្រនោះច្រើន យើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះអោយរីងក្រ អ្វីមាសប្រាក់គ្រប់មុខនោះ បើបានត្រីធំតូចយើងវះធ្វើងៀត ធ្វើផ្អក ប្រហុក ព្រឹកនេះនាងឯងដាំបាយដួសដាក់កញ្ជើអោយមានម្ហូបនិងស្លាម្លូផង ព្រហាមយើងទៅបាចទឹកសមុទ្រអោយរីង»។ ប្រពន្ធលឺប្ដីប្រាប់ហើយក៏ធ្វើតាមបង្គាប់ប្ដី។ លុះព្រឹកឡើងរៀបគ្រប់ ប្រដាប់រួចក៏នាំគ្នាទៅដល់មាត់សមុទ្រ ហើយទុកដាក់ម្ហូបចំនីដោយស្រួល ទើបប្ដីកាន់កញ្ជើ១ ប្រពន្ធកាន់កញ្ជើ ១ខំបាចជះទឹកទៅលើគោកបាចទាល់តែពេលបាយទើបឈប់បរិភោគ បរិភោគបាយ រួចនាំប្ដីប្រពន្ធបាចទៀតទាល់ល្ងាចទើបនាំគ្នាមកផ្ទះវិញ។ បាចបានចំនួន ៤ថ្ងៃប្ដីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថា «ទឹកស្រកសន្ដកហើយនាង»។ ប្រពន្ធឆ្លើយថា “បើដូច្នោះយើងខំបាចទៅយូរណាស់កន្លះខែទៀតមុខជារីងហើយ យើងចាប់យកត្រីធំតូចវះធ្វើងៀតផ្អកប្រហុកថ្លឹងលក់យកប្រាក់ មួយទៀតសំពៅទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះ យើងត្រូវកាយយកប្រាក់មាស តុ ថាស ចានក្បាននៅក្នុងសំពៅនោះមិនដឹងបើយកទៅណាអស់ទេ» ថារួចដល់ល្ងាចត្រលប់មកផ្ទះវិញ។ ព្រឹកឡើងនាំគ្នាទៅបាចទៀត ហើយនិយាយតែ ពាក្យ ដដែលៗដូចថ្ងៃមុន។ ហ្វូងមច្ឆាក្នុងសមុទ្រស្ដាប់លឺដឹងដំនឹងសព្វគ្រប់ ភ័យបារម្ភណាស់ជំនុំគ្នាថា «យើងមុខជាស្លាប់ម្ដងហ្នឹងយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទើបរស់រួចជីវិតគិតហើយនាំគ្នា មុជហែលទៅដល់ស្ដេចត្រីទូលតាមដំនើរដែលបុរសប្ដីប្រពន្ធមកបាចទឹកសមុទ្រនោះ។ ស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទៅទូលនោះថា «ឯងរាល់គ្នាពាំយកមាសបាន ៥ក្រឡ ប្រាក់ ៥ក្រឡ និង តុ ថាស ផ្ទិល ចាន ទៅអោយបុរសប្ដីប្រពន្ធអង្វរគេអោយលែងបាចទឹកសមុទ្រទៅ”។ ត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់រួចនាំគ្នាពាំហែលមកដល់បុរសប្ដីប្រពន្ធ អង្វរសូមអោយលែងបាចទឹកសមុទ្រ ត្រីទាំងនោះក៏ហាមាត់ខ្ជាត់ ក្រឡ មាសប្រាក់តុថាសផ្ទិលចានអោយបុរសប្ដីប្រពន្ធ។ បុរសប្ដីប្រពន្ធមានសេចក្ដីត្រេកអរពន់ពេកក៏ឈប់លែងបាចទឹកពីថ្ងៃនោះ នាំប្ដីប្រពន្ធរែកជញ្ជូនទៅទុកផ្ទះត្រាតែអស់។ បុរសប្ដីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើន ថ្កើនរុងរឿងបានសេចក្ដីសុខរៀងទៅ ។

ពណ៌នាពីសំលាញ់ដែលមានប្រពន្ធខាតលក្ខណ៍គាត់ភ្នកនឹករលឹកដល់សំលាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍លុះដល់លើផ្ទះគេក៏រាប់អានចាប់ចិត្តស្និតស្នាល ដូចពីដើម គាត់គន់មើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះហើយនឹកក្នុងចិត្តថា «ពីដើមសំលាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមទេ ឥលូវនេះគេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះ ? »។ គិតហើយ ត្អូញប្រាប់សំលាញ់ដែលមានទ្រព្យសម្បត្តិថា «សំលាញ់អើយ ! អញសព្វថ្ងៃនេះក្រលំបាកណាស់សំលាញ់អែងរកស៊ីជំនូញអ្វីក៏ មានទ្រព្យសម្បត្តិច្រើនម្ល៉េះ ? »។ សំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍ថា «សំលាញ់អើយ!អញរកស៊ីបាចទឹកសមុទ្រតែពីរនាក់នឹងប្រពន្ធអញ ពេលព្រឹកទៀបភ្លឺប្រពន្ធឡើង ដាំបាយមានគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នា ទៅបាច ទឹកសមុទ្រ ល្ងាចត្រលប់មកផ្ទះវិញ ស្ដេចត្រីភិតភ័យបង្គាប់ត្រីជាបរិវាអោយពាំយកមាសប្រាក់ និង របស់គ្រប់មុខមកអោយអញ»។

ឯសំលាញ់ប្រពន្ធខាតលក្ខណ៍ដឹងហើយ ក៏លាសំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍ ៗគេក៏អោយប្រាក់យកទៅចិញ្ចឹមជីវិត។ លុះត្រលប់ទៅផ្ទះវិញពេលចូលដំនេកបុរសនោះ និយាយនឹង ប្រពន្ធថា «ព្រឹកនេះបាឯងដាំពីយប់រៀបប្រដាប់អោយមានសព្វគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាចទឹកសមុទ្រអោយបានមាសប្រាក់របស់ទ្រព្យដូចសំលាញ់យើង »។ មេខាតលក្ខណ៍ជាប្រពន្ធភ្លឺច្បាស់ បានក្រោកបង្កាន់ភ្លើងឆេះ ហើយបានទៅបើកខាប់អង្ករ ៗកំពុបម្ដងមួយទូកដៃយកអង្ករទៅលាងកំពុបមួយទុកដៃទៀតច្រកអង្ករទៅក្នុងឆ្នាំងកំពប់ទៀត ដល់ពុះជាត់បាយកំពប់ទៀតច្រកអង្ករចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំង ទាល់ថ្ងៃទើបដួសដាក់កញ្ជើហើយបន្ដើរប្ដីប្រពន្ធទៅបាចទឹកសមុទ្របាចទាំងខឹងទាំងជា ។ បានចំនួន ៥ថ្ងៃអស់ហ្វូងមច្ចាធំតូចផ្អើលភិតភ័យនិយាយគ្នាថា «បុរសប្ដីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយ »ពួកត្រីក៏សំលឹងទាំងហ្វូងចាំមើលចាំស្ដាប់។ ប្រពន្ធខាតលក្ខណ៍បោកល្អី ដែលបាចទឹកនោះថា «បាចយូរថ្ងៃហើយមិនបានឃើញរបស់អ្វី អញមិនខ្ចីទេ អញលែងបាចហើយ» ឈ្លោះប្ដីប្រពន្ធ ប្រពន្ធជេរម្ដាយប្ដី ប្ដីបញ្ជោរប្រពន្ធប្រកាច់ចំបាប់គ្នាប្រទាញថ្នក់សំពត់គ្នា ទៅវិញទៅមកទាល់តែអាក្រាតទាំងប្ដីប្រពន្ធលេចកេរ្ដ៍ខ្មាសនៅ មាត់សមុទ្រ ហើយអ្នកទាំងពីរនាក់ថា «ខ្ញុំគេក៏ខ្ញុំចុះលែងបាចហើយ »។ ត្រីទាំងនោះលឺថាលែងបាចក៏ត្រេកអរធូរចិត្ត លែងសួរអោយមាសប្រាក់របស់ទាំងពួង ។ ត្រីទាំងនោះបានឃើញកេរ្ដ៍ខ្មាស បុរសប្ដីប្រពន្ធក៏លោតសើចទាំងហ្វូង ។ ឯត្រីសន្ដាយសើចទាល់តែរយះមាត់បានជាមាត់ធំ ដូចគេហែករហូត ដល់បច្ចុប្បន្ននេះ ។
បុរសប្ដីប្រពន្ធគ្មានបានអ្វីសោះ ក៏លែងឈ្លោះគ្នា ដកសារាយប្ដីមួយអំរែក ប្រពន្ធមួយទ្រនូលត្រឡប់មកផ្ទះវិញ ចាក់សារាយចោលនៅកៀនជញ្ជាំងឲ្យ រលួយខូចអស់ទៅ ៕
(នាងរត់រកអ្នក មេខាតលក្ខណ៍ រត់រកអាបាក់ទន្សា)
ស្រាវជ្រាវនិងកែសម្រួលតាមរឿងព្រេងនិទានខ្មែរដោយ÷
ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print