ខេត្តពោធិ៍សាត់៖ បុរស២នាក់បានបាត់បង់ជីវិតជាបន្តបន្ទាប់យ៉ាងអាណោចអាធ័ម និង៤នាក់ទៀតបានរងរបួសផងដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍២លើកក្នុងយប់តែមួយនៅស្រុកក្រគរ ។
លោកវរ:សេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ាង១១និង១០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤១ និងលេខ១៤២ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក រវាងរថយន្តកុងតឺន័រ ម៉ាក អីហ្សុយហ្សុយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣ A ២០៨៨៥ បុកជាមួយរថយន្តម៉ាកនីសានដឹកត្រី់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២F៥២០៣ ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យអ្នកបើកបររថន្តដឹកត្រីស្លាប់ នៅនិងកន្លែងនិងអ្នករួមដំណើរ២នាក់ទៀតរងរបួស ។
លោកអធិការបន្តថា អ្នកបើកបររថយន្តកុងតឺន័រ រត់គេចបាត់ ចំណែកអ្នកស្លាប់ឈ្មោះ ធា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ.សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរទី១ ឈ្មោះណាក់ ភេទប្រុស អាយុ២៥ឆ្នាំ(ស្រាល) ទី២ឈ្មោះ យ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ (ស្រាល) អ្នកទាំងពីរស់ភូមិ សង្កាត់ជាមួយគ្នា និងអ្នកស្លាប់ដែរ ។
លោកអធិការបន្តទៀតថា លុះនៅវេលាម៉ោង៥ព្រឹកព្រលឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ដដែល ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៣ និងលេខ១៧៤ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើកទៀត រវាងរថយន្តម៉ាក(UD)ពណ៌ស ពាក់ស្លាកលេខ តាកែវ ៣A ២៣០១ បុកគោយន្តដឹកឈើពីក្រោយរួចរេចង្កូតធ្លាក់ចូលស្រែ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(ពីកើតទៅលិច)បណ្ដាលឲ្យអ្នកបើកបរគោយន្តឈ្មោះ សេម សារី ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ (របួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យខេត្តស្លាប់)។
លោកវរៈសេនីយ៍ត្រីបញ្ជាក់ទៀតថា អ្នកបើកបរបង្ករត់គេច ចំណែកវត្ថុតាងសមត្ថកិច្ចកំពុងចាត់ចែងអូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តតាមនិតិវិធី ៕
ដោយ៖ ប៉ឹម ពិន