រដ្ឋលេខាធិការ ឯម ច័ន្ទមករា ៖ អាជ្ញាធរនិងជនមានពិការភាពគំរូដែលមានស្នាដៃក្នុងការធ្វើបរិយាបន្នពិការភាពបានល្អគួរត្រូវបានលើកទឹកចិត្ត!

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា តំណាងលោករដ្ឋមន្ត្រី វង សូត បានថ្លែងថាលោកស្នើបង្កើតកម្មវិធីលើកទឹកចិត្តដល់អាជ្ញាធរនិងជនមានពិការភាពគំរូដែលមានស្នាដៃល្អក្នុងការធ្វើបរិយាបន្នវិស័យពិការភាពទៅក្នុងការអភិវឌ្ឍឃុំ/សង្កាត់។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោករដ្ឋលេខាធិការ ឯម ច័ន្ទមករា អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី “ការធ្វើបរិយាបន្នទៅក្នុងដំណើរការរៀបចំនិងកសាងកម្មវិធីវិនិយោគឃុំ/សង្កាត់ និងការធ្វើបរិយាបន្នគាំពាសង្គមកក្នុងការឆ្លើយតបជំងឺកូវី១៩” ដែលរៀបចំដោយអង្គការជនពិការកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិនិងជនមានពិការភាពព្រមទាំងសង្គមស៊ីវិលប្រមាណ ៧០នាក់។

កាលពីចុងឆ្នាំ២០១៩កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដែលជាផែនការដ៏សំខាន់មួយក្នុងវិស័យពិការភាព ដែលចង្អុលឱ្យគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តដើម្បីបម្រើផលប្រយោជន៍របស់ជនមានពិការភាពនៅកម្ពុជា។ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក ឯម ច័ន្ទមករា បានបន្តទៀត ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព បានផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព និងការផ្តល់សេវាសុខភាពប្រកបដោយគុណភាពនិងសមភាព រួមជាមួយគ្នានោះការស្តារលទ្ធភាពពលកម្មកាយសម្បទានិងសតិបញ្ញាក៏ត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រអាទិភាពផងដែរ។

លោក ឯម ច័ន្ទមករា ថាការផ្តល់សេវាយុត្តិធម៌ ការការពារ ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចលើជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់បំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកការអប់រំនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមានការអភិវឌ្ឍជាខ្លាំង លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា ថ្លែងថាគិតទល់ពេលនេះ ជំរាលនៅតាមសាលារៀននៅថ្នាក់ក្រោមជាតិត្រូវបានកសាងឡើងដោយក្រសួងអប់រំ យុវជន និងកីឡាបានរហូតដល់ជាង ២ម៉ឺនជំរាលដែលជាការបង្កលក្ខណៈងាយស្រួលដល់អ្នកសិក្សាមានពិការភាព។
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចបន្តថា ការចូលរួម ក្នុងការសម្តែងមតិ ទទួលព័ត៌មាន និងចូលរួមជីវភាពនយោបាយ របស់ជនមានពិការភាពនាពេលបច្ចុប្បន្នគឺមានឱកាសច្រើនទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងនៅលើឆាកអន្តរជាតិ។
លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានគូសបញ្ជាក់ពាក្យស្លោកមួយថា “ការធ្វើវិនិយោគលើជនមានពិការភាពថ្ងៃនេះ គឺមានតម្លៃជួយខ្លួនឯងនិងក្រុមគ្រួសារសម្រាប់ថ្ងៃក្រោយ” ព្រោះនៅពេលប្រទេសមានសន្តិភាព នោះការអភិវឌ្ឍកាន់តែមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃពិសេសការអភិវឌ្ឍនិងកែសម្រួលឲ្យមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់បរិស្ថានរូបវន្ត និងមធ្យោបាយដឹកជញ្ជូនបម្រើជាសាធារណៈសម្រាប់ជនមានពិការភាព ការផ្តល់ចំណេះដឹងព័ត៌មាន និងទំនាក់ទំនងចំពោះជនមានពិការភាព ការធានា,សមភាពយេនឌ័រ និងការលើកកម្ពស់សមត្ថភាព ស្រ្តីនិងកុមារពិការត្រូវបានលើកកម្ពស់ឡើងឥតឈប់ឈរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print