លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យស្ថានីយឧតុនិយមស្វ័យប្រវត្តិថ្មី ( Automatic Weather Station ) នៅក្នុងបរិវេណទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់)
ភ្នំពេញ, នៅរសៀលថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស លោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយម និងក្រុមបច្ចេកទេសជំនាញការកូរ៉េ បានចុះពិនិត្យស្ថានីយឧតុនិយមស្វ័យប្រវត្តិថ្មី ( Automatic Weather Station ) នៅក្នុងបរិវេណទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់) ។
សូមជម្រាបជូនជ្រាបថា ក្រោមការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អ រវាងនាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម(MOWRAM) ជាមួយនឹងរដ្ឋបាលឧតុនិយមកូរ៉េ (KMA) និងវិទ្យាស្ថានឧតុនិយមនៃសាធារណៈរដ្ឋកូរ៉េ (KMI) បានទទួលជំនួយឥតសំណង នូវស្ថានីយឧតុនិយមស្វ័យប្រវត្តិ Automatic Weather Station (AWS) ចំនួន ២៧ស្ថានីយ ដែលត្រូវតម្លើងនៅទីតាំងសំខាន់ៗក្នុង ១១ រាជធានី-ខេត្ត ។
សកម្មភាពតម្លើងស្ថានីយឧតុនិយមស្វ័យប្រវត្តិ(AWS) បានចាប់ផ្តើមអនុវត្តបន្ទាប់ពីឧបករណ៍បានមកដល់នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលរហូតមកដល់ថ្ងៃនេះបានតម្លើងរួចចំនួន ១០ស្ថានីយ ក្នុង ០៦ រាជធានី-ខេត្ត ហើយនឹងបញ្ចប់ការងារតម្លើងទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ។
ការតម្លើងស្ថានីយឧតុនិយមស្វ័យប្រវតិ្តបន្ថែមទៀតនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧតុនិយម ដែលធ្វើឱ្យការទទួលទិន្នន័យធាតុអាកាសកាន់តែលម្អិតល្អប្រសើរ ដើម្បីបម្រើដល់ការព្យាករ ក៏ដូចជាការជូនដំណឹងធាតុអាកាសដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបជាព័ត៍មានបានកាន់តែច្បាស់លាស់ និងទាន់ពេលវេលា ៕
ដោយ,សុខ ខេមរា