អន្តរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក ចូ បៃដិន បានប្រកាសជាថ្មីម្តងទៀត បន្ទាប់ពីអ្វីៗដែលបានកើតមានឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គឺជារដ្ឋប្រហារយោធានោះ ដោយទាមទារឲ្យលោកមីន អោង ហ្លេង (Min Aung Hlaing) អគ្គមេបញ្ជាការយោធា ចុះចេញពីអំណោច និងដោះលែងអ្នកនយោបាយនានា ដែលត្រូវបានចាប់ឃុំខ្លួនទាំងអស់ ក្នុងនោះរួមមានទាំងលោកស្រី អោង សាន ស៊ូជី ផងដែរ។
ជាក់ស្តែងបើតាមសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញផ្សាយថា លោក ចូ បៃដិន បានថ្លែងចេញពីរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក) យ៉ាងដូច្នេះថា៖ «គ្មានការសង្ស័យនោះទេ… នៅក្នុងប្រទេសប្រជាធិបតេយ្យមួយ កម្លាំង (យោធា) មិនគួរព្យាយាមផ្តួលរំលំឆន្ទៈប្រជាជន ឬប៉ុនប៉ងលុបបំបាត់លទ្ធផលនៃការបោះឆ្នោត ដែលត្រូវបានទទួលស្គាល់នោះឡើយ»។ ក្រៅពីប្រកាសថា សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មនោះ ទីក្រុងវ៉ាស៊ីនតោនក៏កំពុងតែអំពាវនាវ ឲ្យសហគមន៍អន្តរជាតិរួមគ្នាថ្កោលទោស ទៅលើអ្វីដែលបាននិងកំពុងកើតឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មីរូបនេះ បានសង្កត់ធ្ងន់ថា៖ «យោធាភូមាគួរតែបោះបង់អំណាច ដែលខ្លួនបានរឹបអូស, ដោះលែងក្រុមមេដឹកនាំ អ្នកស៊ូមតិ និងសកម្មជន, ដកការរឹតត្បិតចេញពីប្រព័ន្ធទូរគមនាគមន៍ និងជៀសវាងការបង្កអំពើហិង្សា»។ ព្រោះការថ្លែងរបស់លោក បៃដិន បែបនេះបានកើតមានឡើង ក្រោយយោធាមីយ៉ាន់ម៉ា ចេញបញ្ជាឲ្យក្រុមផ្តល់សេវាអ៉ីនធើណិតទាំងអស់ រឹតត្បិតលើបណ្តាញសង្គម Facebook នៅក្នុងប្រទេសអាស៊ានមួយនេះ ខណៈការបញ្ចេញមតិប្រឆាំង បានផ្ទុះឡើងភ្លាមៗក្រោយរដ្ឋប្រហារ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ចូ បៃដិន ខាងលើនេះ បានកើតមានតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក សលលីវិន (Jake Sullivan) បានអះអាងថា សេតវិមានកំពុងពិនិត្យមើលលទ្ធភាព ក្នុងការដាក់ទណ្ឌកម្ម ដែលមានគោលដៅជាក់លាក់ទៅលើបុគ្គល និងអង្គភាពនានាដែលកំពុងគ្រប់គ្រង និងគាំទ្រដោយយោធាមីយ៉ាន់ម៉ា។
ដោយឡែកជុំវិញបញ្ហានេះដែរ ទោះជាបែបនេះក្តី អ្នកនាំពាក្យរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែមទៀតឡើយ៕ដោយ៖ស តារា