ក្រុមហ៊ុន Apple កំពុងតែសាកល្បងឱ្យអ្នកប្រើប្រាស់អាចបើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch

ចែករំលែក៖

ភ្នំពេញ, អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ដើម្បីងាយស្រួលក្នុងការបើកសោទូរសព្ទក្រុមហ៊ុនភាគច្រើនបានប្រើទិន្នន័យជីវមាត្រ (Biometrics) មានដូចជាក្រយ៉ៅម្រាមដៃ និងផ្ទៃមុខជាដើម ដើម្បីបញ្ជាក់អត្តសញ្ញាណក្នុងការចូលប្រើប្រាស់ទូរសព្ទ។

សម្រាប់ក្រុមហ៊ុន Apple វិញនោះ ចាប់តាំងពីឆ្នាំ ២០១៧ ក្រុមហ៊ុនបានងាកមកប្រើផ្ទៃមុខដើម្បីបើកសោទូរសព្ទ ប៉ុន្តែដោយសារអ្នកប្រើប្រាស់ជាច្រើននាពេលបច្ចុប្បន្នតម្រូវឱ្យពាក់ម៉ាសដើម្បីការពារពីការឆ្លងនៃមេរោគកូវីដ១៩នោះ បានធ្វើឱ្យពួកគេមានការលំបាកក្នុងការបើកសោទូរសព្ទ ព្រោះវាតម្រូវឱ្យពួកគេវាយបញ្ចូលលេខសម្ងាត់វិញ។

ដើម្បីសម្រួលដល់ការប្រើប្រាស់របស់លោកអ្នកដែលត្រូវពាក់ម៉ាសនោះ ក្រុមហ៊ុន Apple កំពុងតែសាកល្បងមុខងារបើកសោជាមួយនឹងទូរសព្ទវៃឆ្លាតក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.5។ មុខងារបើកសោនេះគឺវាស្រដៀងគ្នាទៅនឹងការបើកសោដែលក្រុមហ៊ុនកំពុងតែប្រើជាមួយនឹងកុំព្យូទ័រ Mac ដែរ។ នៅពេលដែលទូរសព្ទត្រូវបានបើកសោ នាឡិការបស់លោកអ្នកនឹងញ័រ ជាការជូនដំណឹងថាទូរសព្ទត្រូវបានបើកសោ ជាងនេះទៅទៀតវាក៏ផ្ដល់ជម្រើសសម្រាប់លោកអ្នកអាចចាក់សោរទូរសព្ទវិញបាន ប្រសិនបើអ្នកដទៃព្យាយាមបើកសោទូរសព្ទនោះ។

គួរបញ្ជាក់ផងដែរថាមុខងារនេះគឺប្រើសម្រាប់តែបើកសោទូរសព្ទប៉ុណ្ណោះ ហើយលោកអ្នកមិនអាចប្រើសម្រាប់បញ្ជាក់អត្តសញ្ញាណជាមួយនឹង Apple Pay ឬ App Store បានទេ។ នាយកដ្ឋាននិងបង្ហាញពីការប្រើប្រាស់មុខងារនេះជាលម្អិតនៅពេលដែលក្រុមហ៊ុន Apple ដាក់ឱ្យប្រើប្រាស់មុខងារនេះជាផ្លូវការ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print