ជនសង្ស័យ៣នាក់ជិះរថយន្តទំនើបយកប្រាក់ដុល្លារសែនខ្មោចបន្លំទិញស៊ីមកាត និងកាតទូរស័ព្ទអាជីវករលក់ទូរស័ព្ទនៅស្រុកមង្គលបុរី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ៣នាក់ជិះរថយន្តទំនើប១គ្រឿងម៉ាកហ្វតយកប្រាក់ដុល្លារសែនខ្មោចក្លែងបន្លំដើរករកទិញស៊ីមកាតនិងកាតទូរស័ព្ទនៅកន្លែងហាងលក់ទូរស័ព្ទដៃក្នុងស្រុកមង្គលបុរី ត្រូវបានកម្លាំងអាវុធហត្ថស្រុកមង្គលបុរីបង្រ្កាបចាប់ឃាត់ខ្លួន ហើយចាប់បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីយកទៅសាកសួរនិងចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យត្រូវបានអាវុធហត្ថចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចហាងលក់ទូរស័ព្ទដៃមួយកន្លែងយីហោ យីលាភ ស្ថិតក្នុងភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននោះក្រោយពីម្ចាស់ហាងបានប្តឹងរាយការណ៍ ទៅកម្លាំងអាវុធហត្ថស្រុកមង្គលបុរីបានឃើញជនសង្ស័យទាំង៣នាក់នោះ យកក្រដាស់ប្រាក់ដុល្លារសែនខ្មោចមកទិញស៊ីមកាតនិងកាតទូរស័ព្ទនៅហាងលក់ទូរស័ព្ទនោះ។

ជាមួយនិងការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចឆែកឆេររកឃើញដកហូតក្រដាសប្រាក់ដូល្លារសែនខ្មោច២០ដុល្លារ៥សន្លឹកនិងរថយន្តម៉ាកហ្វតមួយគ្រឿងរបស់ក្រុមហ៊ុនសំណង់ដែលគេជិះមកធ្វើសកម្មភាព។

ជនសង្ស័យទាំង៣នាក់ទី១-ឈ្មោះ ហុក ដូក ភេទប្រុស ​អាយុ៤៤ឆ្នាំ ប្រកបមុខរបរជាងសំណង់ រស់នៅក្នុងភមិ ដាក់សរសរ សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង។ ទី២-ឈ្មោះ គី ចិន្តា ភេទប្រុស ​អាយុ ២៦ឆ្នាំ ប្រកបមុខរបរជាងសំណង់ រស់នៅភូមិរកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង និងទី៣-ឈ្មោះ ហៀង ប៉ូច ភេទប្រុស អាយុ២៧ឆ្នាំ​ ប្រកបមុខរបរអ្នកបើក រថយន្តក្រុម ហ៊ុនសំណង់ រស់នៅភូមិត្របែក ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

លោកវសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា មុនពេលឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ នេះគឺកាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ពួកគេខាងលើបានយកប្រាក់ដុល្លារសែនខ្មោច ក្រដាស២០ដុល្លារមកទិញកាតទូរស័ព្ទនៅហាងលក់ទូរស័ព្ទខាងលើម្តងរួចមកហើយ​។

នៅពេលនោះម្ចាស់ហាងលក់ទូរស័ព្ទមិនបានចាប់អារម្មណ៍ពិនិត្យថាក្រដាស់ប្រាក់ដុល្លារក្លែងក្លាយនោះទេ។ លុះនៅពេលពួកគេទៅបាត់ម្ចាស់ហាងក៏យកប្រាក់ដុល្លារពិនិត្យមើលទើបដឹងថា ជាក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ។

លុះនៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ម្ចាស់ហាងលក់ទូរស័ព្ទបានឃើញ ជនសង្ស័យទាំងនោះមកហាងរបស់ខ្លួនរកទិញស៊ីមកាតនិងកាតទូរស័ព្ទថែមទៀត ។ ម្ចាស់ហាងក៏បានប្តឹងរាយការណ៍ទៅកងរាជអាវុធហត្ថស្រុកមង្គលបុរីចុះមកចាប់ខ្លួនជនសង្ស័យ ទាំង៣នាក់នោះតែម្តង។

ជនសង្ស័យនិងវត្ថុតាងនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តចាប់បញ្ជូនទៅកាន់តុលាការដើម្បីយកទៅចាត់ ការតាមផ្លូវច្បាប់៕

IMG_9097

IMG_9098

IMG_9096

ដោយ៖ សំ វិច្ឆិកា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print