ខេត្តក្រចេះ៖ ផ្ទះពលរដ្ឋចំនួន៣ខ្នង ស្មើនិង៣គ្រួសារ ធ្វើអំពីឈើត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់តែមួយពព្រិចភ្នែក កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ទៅលើទីតាំងលំនៅដ្ឋានចំនួន៣ខ្នង សងក្បែរៗគ្នា ក្នុងភូមិក្តោងទី១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។ យ៉ាងណាក៏ដោយក្នុងហេតុការគ្រោះអគ្គីភ័យនេះ គឺមិនបណ្តាលឱ្យមានជនណាម្នាក់រងគ្រោះនោះទេ ដោយក្រាន់តែផ្ទះឈើ៣ខ្នង រួមនិងទ្រព្យសម្បត្តិមួយចំនួនទៀតត្រូវឆាបឆេះទាំងស្រុង ។
មិនទាន់មានប្រភពព័ត៌មានណាមួយបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យនេះ បណ្តាលមកពីមូលហេតុអ្វីនៅឡើយនោះទេ តែបើតាមការសន្និដ្ឋានរបស់រថយន្តពន្លត់អគ្គីភ័យបានអះអាងថា គ្រោះអគ្គិភ័យមួយនេះ គឺផ្តើមចេញមកពីឆ្លងចរន្តអគ្គិសនីខណៈដែលម្ចាស់ផ្ទះដែលដើមហេតុដំបូង មិននៅផ្ទះ ។
ស្នងការរងទទួលបន្ទុកពន្លត់អគ្គីភ័យ លោក ច្រឹង ផល្លី បានឱ្យដឹងថា ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះលំនៅដ្ឋានពលរដ្ឋខាងលើនេះ កម្លាំងនគរបាលស្រុកនិងខេត្ត ជាច្រើននាក់បានចុះជួយសង្គ្រោះ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង បាញ់ទឹកអស់ចំនួន៣ឡាន ធ្វើការបាញ់ពន្លត់និងទប់ស្កាត់លំនៅដ្ឋានក្បែរខាងមួយចំនួនទៀត បន្ទាប់ពីអណ្តាតភ្លើង បានឆាបឆេះសន្ធោសន្ធៅទៅលើផ្ទះ ឈើ៣ខ្នង មានរយៈពេលជិត២ម៉ោងរួចមក។
លោកថាអណ្តាតភ្លើងត្រូវបានកើតចេញពីផ្ទះឈើមួយខ្នង មានទំហំ ៧ម៉ែត្រគុណ១២មែត្រ ធ្វើអំពីឈើប្រកក្បឿងជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ វ៉ែន គឹមយ៉ុន អាយុ៧២ឆ្នាំ ខូចខាតទាំងស្រុងក្នុងអណ្តាតភ្លើង ហើយផ្ទះមួយនេះត្រូវម្ចាស់ចាក់សោរទុកមិននៅផ្ទះ ដោយរវល់ទៅចូលរួមពិធីភ្ជាប់ពាក្យអ្នកជិតខាង ។ លំនៅដ្ឋានមួយខ្នងទៀតមានទំហំ៨គុណ១៤មែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ វង្ស ហុន អាយុ៦៩ឆ្នាំ លំនៅដ្ឋានមួយខ្នងនេះត្រូវបានអណ្តាតភ្លើងឆាបឆេះគ្មានសល់។ និងលំនៅដ្ឋានមួយខ្នងទៀត មានទំហំ៧គុណនិង១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជាកម្មសិទ្ធរបស់ជនរងគ្រោះ នួន យ៉ុង ភេទស្រី អាយុ៧៨ឆ្នាំ ត្រូវឆាបឆេះទាំងស្រុង ។
តាមការអះអាងនៅកន្លែងកើតហេតុរបស់ម្ចាស់លំនៅដ្ឋានរងគ្រោះទី១ឈ្មោះ វ៉ែន គឹមយ៉ុន ជាម្ចាស់ ផ្ទះដើមហេតុបាននិយាយថា នៅព្រឹកថ្ងៃកើតហេតុគាត់និងប្រពន្ធមិនទៅផ្ទះ និងចាក់សោរផ្ទះហើយ បាននាំគ្នាទៅចូលរួមពិធីភ្ជាប់ពាក្យគេ ។ ដោយបុរសរូបនេះអះអាងថា ក្នុងផ្ទះគាត់មិនមានអុជ ធូបទៀន រឺដុតភ្លើងទុកចោលនោះទេ តែលោកក៏មិនដឹងថាផ្តើមចេញពីអ្វីនោះដែរ ។
ស្នងការរងលោក ច្រឹង ផល្លី បានបញ្ចាក់ថា នគរបាលនៅមិនទាន់វាយតម្លៃបានទេទ្រព្យសម្បត្តិ របស់ជនរងគ្រោះទាំងបីគ្រួសារ ដែលក្លាយជាចំណីភ្លើងតែមួយពព្រិចភ្នែកនោះ ៕
ដោយ៖ កោះទ្រុង