សហរដ្ឋអាមេរិក​ នឹងចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើងវិញ;​ នេះបេីតាមការអះអាងពីលោក ចូ បៃឌិន

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ក្រោយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC)​ កាលពី ០៣ឆ្នាំមុន​ ពេលនេះរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រកាសថា​ នឹងវិលត្រលប់ទៅចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស(UNHRC)នេះឡេីងវិញ។

ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយបន្ថែមថា​ យោងតាមការដកស្រង់សម្តីលោករដ្ឋមន្រ្តីការបរទេស អាន់ថូនី ប្លីងខិន (Antony Blinken) នឹងប្រកាសនៅថ្ងៃចន្ទទី៨​ កុម្ភៈ​នេះ (ពេលវេលានៅអាមេរិក) អំពីការវិលត្រលប់របស់សហរដ្ឋអាមេរិក ទៅចូលរួមក្នុងស្ថាប័ន UNHRC វិញក្នុងនាមជាសមាជិកអង្កេតការណ៍។ ទីក្រុងវ៉ាស៉ីនតោន ក៏នឹងព្យាយាមស្វែងរកកៅអីសមាជិកពេញសិទ្ធិវិញផងដែរ ខណៈឥឡូវអាមេរិកនឹងអាចមានឋានៈ ត្រឹមជាសមាជិកអង្កេតការណ៍ប៉ុណ្ណោះ រហូតទាល់តែដល់ផុតឆ្នាំ២០២១នេះ។

សូមជម្រាបថា​ អតីត​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN កាលពីឆ្នាំ២០១៨ គឺនៅពាក់កណ្តាលទីនៃអាណត្តិរយៈពេល ០៣ឆ្នាំរបស់លោកក្រោមហេតុផលថា ស្ថាប័ននេះប្រកាន់គោលការណ៍លម្អៀងប្រឆាំងនឹងអ៉ីស្រាអែល ហើយសហរដ្ឋអាមេរិកកាលណោះ ក៏បានទាមទារឲ្យមានកំណែទម្រង់ក្នុង UNHRC ផងដែរ។

គួរបញ្ជាក់ថា​ នៅឆ្នាំ២០២១នេះ មហាសន្និបាត UN នឹងត្រូវបោះឆ្នោតជ្រើសរើស សមាជិកថ្មីសម្រាប់ UNHRC ខណៈសមាជិកនីមួយៗត្រូវបោះឆ្នោតជ្រើសរើសសម្រាប់រយៈពេល ០៣ឆ្នាំ ហើយមិនអាចកាន់លើសពី ០២អាណត្តិជាប់គ្នាឡើយ៕ដោយ៖ស​ តារា

លោក​ ចូ​ បៃឌិន​ និងលោករដ្ឋមន្រ្តីការបរទេស អាន់ថូនី ប្លីងខិន

រូបភាព៖AP

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print