ប្រធានាធិបតីចិន លោកស៊ី ជិីនពីង បានអំពាវនាវដល់កម្លាំងទាហានប្រទេសនេះឱ្យបង្កើនការត្រៀមលក្ខណៈនៅក្នុងការធ្វើសង្គ្រាមក្នុងឱកាសបុណ្យចូលឆ្នាំចិន។
តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ចិនបានផ្សាយនៅថ្ងៃទី៨ខែកុម្ភៈថា ប្រធានាធិបតីចិនស៊ី ជីនពីង បានអំពាវនាវដល់កម្លាំងទាហាន ត្រៀមលក្ខណៈធ្វើសង្គ្រាមក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំចិន។ ការស្នើខាងលើរបស់ប្រធានាធិបតីចិន ព្រោះខ្លាចរងការវាយប្រហារក្នុងពេលមន្ត្រីរដ្ឋាភិបាលសម្រាកក្នុងឱកាសចូលឆ្នាំចិន។
ក្នុងឱកាសទៅសួរសុខទុក្ខកម្លាំងទាហាន ប្រធានាធិបតីចិន ក៏បានព្រមានដល់កម្លាំងទាហានបរទេស មិនត្រូវឌឺដងដាក់ចិនក្នុងពេលប្រទេសនេះស្ថិតនៅក្នុងរដូវកាលឈប់សម្រាកចូលឆ្នាំចិន។
យន្តហោះចម្បាំងរបស់ចិនបានបន្តធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ជាមួយគ្នានេះចិនក៏បានដាក់ពង្រាយសព្វាវុធទំនើបៗការពារព្រំដែន។ ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ចាប់ផ្តើមនៅថ្ងៃសុក្រ ដូច្នេះការឈប់សម្រាកគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ខែកុម្ភៈ ។
លោកFu Qianshao អ្នកឯកទេសយោធាចិន បាននិយាយទៅកាន់សារព័ត៌មានGlobal Timesថាកម្លាំងទាហានចិន បានបង្កើនសមត្ថភាពការពារ ត្រៀមលក្ខណៈធ្វើសង្គ្រាមជានិច្ច ក្នុងពិធីបុណ្យធំៗរបស់ចិន។ លោកបន្តទៀតថា សត្រូវអាចនឹងប្រើប្រាស់ពេលវេលាឈប់សម្រាកដើម្បីវាយប្រហារ ប៉ុន្តែទាហានចិនបានត្រៀមលក្ខណៈមិនអនុញ្ញាតឲ្យមានការគំរាមកំហែងណាមួយពីខាងក្រៅនោះឡើយ៕
ដោយ សាធី