តារាកំប្លែងនាយក្រឹម ប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដំណាក់កាលដំបូង

ចែករំលែក៖

ភ្នំពេញ៖ មុននេះបន្តិច តារាកំប្លែងជើងចាស់ អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារតែមានការជឿជាក់លើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា។ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីកម្ពុជាទទួលបានអំណោយវ៉ាក់សាំង SARS-Cov-2 (Sinopharm) ពីសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលក្នុងនោះ តារាកំប្លែងជើងចាស់វ័យជ្រេរូបនេះបានបញ្ជាក់ដោយសំណេររៀបរាប់ច្បាស់ៗដូច្នេះថា
«ខ្ញុំ អ៊ូ ប៉ុណ្ណារ៉ាត់ (ក្រឹម) ស្ម័គ្រចិត្តចាក់វ៉ាក់សាំង Sinopharm របស់ចិន។ សូមបងប្អូនទាំងអស់គ្នាចូលរួមបង្ការនិងការពារកុំឱ្យឆ្លងមេរោគកូវីដ-១៩នេះ អរគុណសន្តិភាព!»។ សារនេះទទួលបានការគាំទ្រ លើកទឹកចិត្ត និងឆ្លុះបញ្ចាំងពីទំនុកចិត្តទៅលើការចាក់វ៉ាក់សាំងនេះផងដែរ។
យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាសន្និសីទសារព័ត៌មាននៃពិធីប្រគល់ទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-Cov-2 (Sinopharm) ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងរៀបចំកម្មវិធីចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជំងឺកូវីដ-១៩ ជូនសម្តេច ទ្រង់ លោក លោកស្រី នាងកញ្ញា ជាឥស្សរជនជាន់ខ្ពស់ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ ដោយការស្ម័គ្រចិត្ត។ ពេលវេលានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមទីតាំងដូចខាងក្រោម ៖
១.មន្ទីរពេទ្យកាល់ម៉ែត (លោកសាស្រ្តាចារ្យ គង់ សន្យា ០១២ ៥៦៥ ៥៥៤ រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ) ៖ ឥស្សរជនជាទេសរដ្ឋមន្ត្រី។
២.មន្ទីរពេទ្យព្រះអង្គឌួង (លោកសាស្រ្តាចារ្យ លួ លីហេង ០៧៦ ៨៨៣ ៧៨៧៨) ឥស្សរជនឬមានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ។
៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (លោកសាស្រ្តាចារ្យ ទី មេង ០៧៨ ៥៥៧ ៥៧៨ ឥស្សរជន ជាអភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត។
៤.មន្ទីរពេទ្យកុមារជាតិ (លោកសាស្ត្រាចារ្យ ញឹប អង្គារបុស្ស ០១១ ៨១១ ១៣២) )៖ ឥស្សរជនជា ៖ អ្នកសារព័ត៌មាន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូសនៅថ្ងៃនេះ បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីចិន កន្លងមកដែលកម្ពុជានិងចិនបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្នាដែលកន្លងមកបានក្លាយទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនោះ។សម្ដេចតេជោ មានបំណងផ្ដល់ជូនប្រជាពលរដ្ឋចំនួន៨០% នៃប្រជាពលរដ្ឋសរុបដែលស្មើនឹងចំនួន១៣លាននាក់ ត្រូវការវ៉ាក់សាំងប្រមាណ២៦លានដូស៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print