ខេត្តតាកែវ៖ រថយន្តដឹកដីជាច្រើនគ្រឿងកំពុងដឹកដីយកមកចាក់លុបប្រឡាយទឹកប្រវត្តិសាស្ត្រនៅខាងក្រោយមណ្ឌលសុខភាពអង្គរបុរី ឃុំអង្គរបុរី ស្រុកមង្គលបុរី ខេត្តតាកែវ ។
ពលរដ្ឋរស់នៅជុំវិញតំបន់កើតហេតុបានឲ្យដឹងថា ក្រុមអាជ្ញាធរភូមិ ឃុំ ស្រុក បានសហការគ្នាឲ្យក្រុមឈ្មួញទាំងនោះចាក់ដីប្រឡាយទឹកបុរាណខាងលើនេះធ្វើជាកម្មសិទ្ធិឯកជន ។ ប្រឡាយទឹកនេះជាប្រឡាយទឹកប្រវត្តិសាស្ត្រតាំងពីបរុមបុរាណមក ហើយអាចរំដោះទឹកបានជោគជ័យ ប្រសិនបើមានទឹកជំនន់ជនលិចផ្ទះប្រជាពលរដ្ឋក្នុងតំបន់នោះ ។ ប្រភពប្រជាពលរដ្ឋបញ្ជាក់ថា ការចាក់ដីនេះ អាជ្ញាធរបានចុះមកហាមឃាត់ និងបានហៅម្ចាស់គ្រឿងចក្រទាំងអស់នោះទៅសាលាស្រុក ប៉ុន្តែនៅពេលក្រុមឈ្មួញទាំងនោះត្រឡប់មកវិញ ស្រាប់តែមានការចាក់ដីដដែល ។
អាជ្ញាធរស្រុកមិនបានឆ្លើយបំភ្លឺឡើយ ប៉ុន្តែលោក ពួយ រដ្ឋា អភិបាលរងស្រុកអង្គរបុរី បានឲ្យដឹងថា លោកអត់បានដឹងថា មានគ្រឿងចក្រ២ក្រុមហ៊ុនកំពុងសម្រុកចាក់ដីប្រឡាយបឹងប្រវត្តិសាស្ត្រនេះទេ ប៉ុន្តែលោកបានដឹងថា មានតែក្រុមហ៊ុនមួយទេដែលចាក់ដីនោះ ហើយលោកបានហៅទាំងម្ចាស់ក្រុមហ៊ុន និងគ្រឿងចក្រឲ្យមកធ្វើកិច្ចសន្យាដើម្បីបញ្ឈប់សកម្មភាពរួចហើយ ។
ជុំវិញករណីខាងលើ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានថ្លែងថា លោកមិនបានដឹងព័ត៌មាននេះទេតាំងពីមុនមក ហើយទើបតែបានដឹងនៅពេលដែលអ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាននគរវត្តទូរស័ព្ទទៅសម្ភាសន៍ ហើយលោកបានបញ្ជាក់ថា លោកបានបញ្ជាឲ្យអាជ្ញាធរស្រុកចុះទៅបញ្ឈប់ការចាក់ដីលុបប្រឡាយបឹងបុរាណធ្វើជាកម្មសិទ្ធិនោះជាបន្ទាន់ ។
គួរបញ្ជាក់ផងដែរថា គ្រប់អភិបាលស្រុកដែលមកកាន់តំណែងនៅក្នុងស្រុកអង្គរបុរីមួយនេះ គឺតែងតែសំឡឹងឃើញប្រឡាយទឹកប្រវត្តិសាស្ត្រ ហើយក្នុងក្រសែភ្នែកគឺចង់តែចាក់ដីលុបប្រឡាយទឹកនេះតែម្តង ក៏ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ពីព្រោះវាស្ថិតនៅជាប់ផ្លូវជាតិ មានហាងឆេងខ្ពស់ ៕
ដោយ៖ ជីសូរកា