ខេត្តស្ទឹងត្រែង, នៅព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានមណ្ឌលសុខភាព នៃមន្ទីរអង្គភាពជុំវិញខេត្ត។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានមណ្ឌលសុខភាព នៃមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូបផងដែរ។
លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា លោក លោកស្រីដែលបាន ប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងសម្រាប់តួនាទីថ្មី ត្រូវខិតខំរួមគ្នាដើម្បីបន្តពង្រឹង ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះដែរលោក អភិបាលខេត្ត ជំរុញដល់មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានាពាក់ព័ន្ធនិងតួនាទីភាកិច្ចរបស់ខ្លួន និងត្រូវបង្កើនកិច្ចសហការល្អរវាងគ្នានឹងគ្នាឲ្យបានល្អប្រសើរក្នុងការបំពេញភារកិច្ចដោយឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តគោលការណ៍ច្បាស់លាស់ និងភាពម្ចាស់ការ ព្រមទាំង ត្រូវយកចិត្តទុកដាក់ បន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយត្រូវតម្កល់ប្រយោជន៍រួមរបស់អង្គភាពជាអាទិភាព៕
ដោយ, សិលា