ភ្នំពេញ, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានជំនឿយ៉ាងមុតមាំថា សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ទាំងអស់ បាន នឹងកំពុងក្លាយជាដៃគូដ៏សំខាន់ ក្នុងការចូលរួមចំណែកក្នុងគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិការជាតិលើកទី២ អាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នៅកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសជាច្រើន នៅលើពិភពលោកដែរ សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ឬសមាគមអាជ្ញាធរមូលដ្ឋាន គឺជាស្ថាប័នឯករាជ្យ ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិកខ្លួន ដែលជាក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ឬអាជ្ញាធរមូលដ្ឋាន។
សម្ដេចក្រឡាហោម បានបន្ដថា ជារួម សមាគមទាំងនេះមានតួនាទីសំខាន់ក្នុងការចូលរួម និង ផ្តល់មតិយោបល់ជូនរដ្ឋាភិបាល ក្រសួង-ស្ថាប័នថ្នាក់ជាតិនៅក្នុងកិច្ចដំណើរការរៀបចំ និងអនុវត្តគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធានាដល់ការការពារសិទ្ធិអំណាចស្របច្បាប់ របស់សមាជិកនៃសមាគមដែលជាតំណាងឲ្យសម្លេង និងផល ប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននីមួយៗ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាម គ.ជ. អ.ប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា សមាគមជាតិក្រុមប្រឹក្សាថ្នាក់ក្រោមជាតិទាំងអស់ បាន និងកំពុងក្លាយជាដៃគូដ៏ សំខាន់ និងមានប្រសិទ្ធភាពក្នុងការចូលរួមចំណែក និងគាំទ្រដល់ការបន្តជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលកំពុងឈានចូលទៅដំណាក់កាលដែលត្រូវអនុវត្តឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត»។
បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ក្នុងការអនុវត្តតួនាទីដ៏មានសារៈសំខាន់នេះ សមាគមនីមួយៗ តែងតែប្រមូលចងក្រងនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឬការរំលោភបំពានសិទ្ធិអំណាចស្របច្បាប់របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ឬអាជ្ញាធរមូលដ្ឋាន និងព័ត៌មានពាក់ព័ន្ធ នឹងមេរៀនបទពិសោធន៍ល្អៗ គំនិតផ្តួចផ្តើមប្រកបដោយនវានុវត្តន៍នៅតាមមូលដ្ឋាន ព្រមទាំងភាពជោគជ័យនៃការអនុ វត្តការងាររបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការចូលរួម និងផ្តល់មតិយោបល់ជូនរដ្ឋាបាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ ផងដែរ។
សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ថា សមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ឬសមាគមអាជ្ញាធរមូលដ្ឋាន ក៏ដើរតួនាទីសំខាន់ក្នុងការផ្តល់ការប្រឹក្សាយោបល់ និងការអភិវឌ្ឍសមត្ថភាពដល់សមាជិករបស់ខ្លួនអំពីគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំង ភាពជាអ្នកដឹកនាំស្ថាប័នក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់៩ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម៕
ដោយ ៖ សិលា