លោកសុខ សម្បត្តិ ជំរុញឲ្យអាជ្ញាធរ កម្លាំងប៉ូលិស និងកងរាជអាវុធហត្ថ ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពឲ្យបានល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ ៖ អភិបាលខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ បានជំរុញឲ្យគណៈបញ្ជាការឯកភាពសង្កាត់ទាំង៥ និងកងកម្លាំងប្រដាប់អាវុធទាំងប៉ូលិសនិងកងរាជអាវុធហត្ថចំណុះឱ្យគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ត្រូវពង្រឹងការងារឱ្យកាន់តែល្អប្រសើរជុំវិញការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងត្រូវគោរពឲ្យបាននូវសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ទាំង៧ចំណុចរបស់សាលារាជធានីភ្នំពេញ ដើម្បីរក្សាឱ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅទាំងមូល។
ការជំរុញបែបនេះរបស់លោកអភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នៅសាលាខណ្ឌព្រែកព្នៅ ដោយមានវត្តមាន លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ មន្ត្រីពាក់ព័ន្ធក្នុងសាលាខណ្ឌ លោកចៅសង្កាត់ទាំង៥ និងប្រធានភូមិ ប្រធានសហគមន៍មកពីបណ្តាសង្កាត់ទាំង៥ផងដែរ។
លោកសុខ សម្បត្តិ បានមានប្រសាសន៍លើកឡើងថា ការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពនេះកន្លងមកឃើញថា យើងអនុវត្តបានល្អប្រសើរ បើទោះបីជាមានភាពចន្លោះប្រហោងបន្តិចបន្តួចក្តី។ លោកអភិបាលខណ្ឌបញ្ជាក់ថា ពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពនេះ ទាំងអ្នកមាន អ្នកក្រ ប្រទេសណាក៏ដោយគេចង់បានគ្រប់គ្នា។ ដូច្នេះក្នុងនាមអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធត្រូវតែយកចិត្តទុកដាក់អនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពនេះដើម្បីទទួលបាននូវការជឿទុកចិត្តនិងទទួលបាននូវភាពកក់ក្តៅពីបងប្អូនប្រជាពលរដ្ឋ។
លោកបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី១០កុម្ភៈទៅ សាលាខណ្ឌនិងសង្កាត់ទាំង៥ ត្រូវរៀបចំម៉ូតូកង់បី មេក្រូដើម្បីបើកចាក់ផ្សព្វផ្សាយតាមមូលដ្ឋាននូវសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ទាំង៧ចំណុចរបស់សាលារាជធានីភ្នំពេញ ឲ្យបានល្អប្រសើរ។លោកសង្ឃឹមថា សង្កាត់ទាំងអស់និឹងធ្វើបាន ហើយយើងខិតខំរួមគ្នាប្រឹងប្រែងធ្វើបន្តទៀតដើម្បីរក្សាឱ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅទាំងមូល៕

...

ដោយ ៖ ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print