ភ្នំពេញ ៖ រថយន្តស៊េរីទំនើបត្រូវបានអ្នកបើកបរបើកលឿនពេកបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង៣និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃពុធទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ផច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-1911 រួមដំណើរជាមួយនារីពីរនាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងល្បឿនយ៉ាងលឿនពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកចូលផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យក៏បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ចំណែកឯរថយន្តវិញរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ជ្រោយពេជ្រ