ភ្នំពេញ ៖ ពេលចេញពីរាំនៅក្នុងក្លិបកម្សាន្តសេះមាស បុរសម្នាក់នឹងបក្ខពួកជាច្រើននាក់បានដេញវាយគ្នាជាមួយនឹងក្មេងស្ទាវមួយក្រុមផ្សេងទៀតបណ្តាលឲ្យយុវជនម្នាក់បែកក្បាលហូរឈាម និងម្នាក់ទៀតត្រូវជនស្លៀកពាក់ស៊ីវិលយកខ្នោះទៅវាយហើយសង្កត់កជាប់ទើបប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍ហិង្សានេះបានកើតឡើងនៅម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុចជាប់សួនវឌ្ឍនៈ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញក្មេងស្ទាវ២ក្រុម ចេញពីក្លិបសេះមាសដេញវាយគ្នាពេញផ្លូវបណ្តាលឲ្យបែកក្បាលម្នាក់ និងម្នាក់ទៀតត្រូវបានគេចាប់វាយខ្នោះហើយយកជង្គង់សង្កត់ពីលើជាប់ ប្រុងនឹងយកទៅដាក់លើរុឺម៉កកង់បី តែត្រូវប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះជួយទាន់ពេល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន
ខណ្ឌមានជ័យបានចុះមកដល់ រួចពិនិត្យឃើញថាជាទឹកដីខណ្ឌពោធិ៍សែនជ័យ ហើយក៏បានសួរនាំរួចឃាត់ខ្លួនជនស្លៀកពាក់ស៊ីវិលជាអ្នកវាយខ្នោះគូជម្លោះ ទុកប្រគល់ជូនទៅខាងកម្លាំងខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំបន្ត៕
ជ្រោយពេជ្រ