គិតដល់វេលាម៉ោង ១៩ ថ្ងៃទី ១០ខែកុម្ភៈ គណៈកម្មការទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ បានប្រកាសឲ្យដឹងថា បានរកឃើញករណីវិជ្ជមាន២១នាក់បន្ថែមទៀត នៅថ្ងៃនេះ ក្នុងនោះមាន២០ នាក់ឆ្លងក្នុងសហគមន៍និង ម្នាក់នាំចូលពីក្រៅ។
ក្នុងចំណោមអ្នកឆ្លងទាំង២០ នាក់នៅក្នុងសហគមន៍ មាន ខេត្តហាយយឿង ១៤នាក់ ខេត្ត ក្វាងនិញម្នាក់ យ៉ាឡាយ៤នាក់ និងទីក្រុងហ៊ូជីមិញម្នាក់។ ជាមួយគ្នានេះ ក៏មានអ្នកចូលពីក្រៅម្នាក់ធ្វើចត្តាឡីស័ករកឃើញវិជ្ជមាន ។ ចំណែកអ្នកនាំចូលពីក្រៅគឺជាជនជាតិឥណ្ឌូនេស៊ី បានធ្វើចត្តាឡីស័កនៅទីក្រុងហ៊ូជីមិញ។
សរុបអ្នកឆ្លងកូវីដ ១៩ នៅទូទាំងប្រទេសវៀតណាមគិតដល់ថ្ងៃទី ១០ ខែកុម្ភៈ មានដល់ទៅ ១១៩៧នាក់ ក្នុងនោះចំនួនអ្នកឆ្លង ចាប់ពីថ្ងៃទី២៧ខែមករា មកទល់ពេលនេះមានដល់ទៅ ៥០៤នាក់ ។
រដ្ឋាភិបាលវៀតណាម និងតាមបណ្តាខេត្តនានាបានស្នើដល់ពលរដ្ឋទាំងអស់ត្រូវតែមានស្មារតី ការពារខ្លួន គឺត្រូវពាក់ម៉ាស់ លាងដៃ នៅពេលធ្វើដំណើរនៅទីសាធារណៈ។ ចំណែកពលរដ្ឋដែលចេញទៅពីតំបន់ មានការឆ្លងកូវីដ១៩ គឺត្រូវតែផ្តាល់ព័ត៌មានដល់មន្ទីរសុខាភិបាលក្នុងតំបន់ដែលខ្លួនរស់នៅ។
ការឆ្លងរាលដាលនៅពេលនេះប៉ះពាល់យ៉ាងខ្លាំង ដោយសារតែវៀតណាម កំពុងឈានចូលបុណ្យចូលឆ្នាំប្រពៃណី ជាថ្ងៃឈប់សម្រាកដ៏សំខាន់ប្រចាំឆ្នាំ។ ពលរដ្ឋដែលទៅធ្វើការនៅទីក្រុង ពិសេសគឺទីក្រុងហ៊ូជីមិញ ក៏បានវិលត្រឡប់ទៅស្រុកវិញដើម្បីជួបជុំគ្រួសារ អបអរចូលឆ្នាំ៕
រូបភាព៖ vietnamnet