ប្រធានាធិបតីចិន លោក ស៊ី ជិនភីង​ នាឱកាសចូលឆ្នាំថ្មី​ អំពាវនាវឱ្យប្រជាជនពួតដៃជាមួយបក្សកុម្មុយនីស្ត​ ដើម្បីជម្នះបញ្ហាប្រឈម

ចែករំលែក៖

អន្តរជាតិ​៖​ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២១​ ក្នុងឱកាសសាទរអបអរឆ្នាំថ្មី​ប្រពៃណី​ចិន​ បានទទូចឱ្យប្រជាជនចិនទាំងអស់ រួមសាមគ្គីគ្នាជាមួយបក្សកុម្មុយនីស្តចិន ដើម្បីជម្នះឧបសគ្គនានា និងសម្រេចគោលដៅរបស់បក្ស។ ដោយលោក​ ស៉ី​ បានជូនពរដល់ប្រជាជនរបស់ខ្លួននៅក្នុងប្រទេស និងជនរួមជាតិចិន​ ដែលរស់នៅក្នុងហុងកុង ម៉ាកាវ តៃវ៉ាន់ និងនៅបរទេសផងដែរ។

លោក ស៊ី ជិនភីង ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន​ បានថ្លែងក្នុងពិធីលៀងសាយភោជន៍អបអរពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំចិននៅមហាវិមានប្រជាជនក្នុងទីក្រុងប៉េកាំង​ បានលេីកឡេីងថា៖​ «ទាល់តែបក្សទាំងមូល និងប្រជាជនចិនទាំងអស់រួមគ្នាយ៉ាងរឹងមាំ នៅជុំវិញគណៈមជ្ឈិមនៃបក្សកុម្មុយនីស្តចិន នោះនឹងគ្មានបញ្ហាណាមួយដែល យើងមិនអាចសម្រេចបានទេ»។

នៅចំពោះមុខមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងបក្ស សមាជិកក្រុមប្រឹក្សារដ្ឋចិន និងសមាជិកគណៈមជ្ឈិមនៃបក្សកុម្មុយនីស្តចិនជាច្រើននាក់ អគ្គលេខាធិការបក្សកុម្មុយនីស្តចិនរូបនេះ​ ក៏បានលើកឡើងផងដែរថា បក្សកុម្មុយនីស្តចិន គួរខិតខំទប់ស្កាត់កូវីដ-១៩, បន្តការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្រោមគោលនយោបាយសេដ្ឋកិច្ច ៥ឆ្នាំបន្ថែមទៀត ដើម្បីអបអរគោលដៅសតវត្សរ៍របស់បក្ស។ ឆ្នាំ២០២១ ក៏ត្រូវជាខួបបង្កើតបក្សកុម្មុយនីស្តចិនលើក១០០ផងដែរ។ លោក ស៊ី បានចាត់ទុកការសម្រេចគោលដៅនាពេលកន្លងមក ជាដំណើរការដ៏សំខាន់មួយ។

សូមជម្រាបថា​ បក្សកុម្មុយនីស្តចិន ចាប់តាំងពីឆ្នាំ១៩៤៩ មកទល់បច្ចុប្បន្ន បានកាន់អំណាចរយៈពេល ៧០ឆ្នាំហើយ និងមានសមាជិកបក្សប្រមាណ ៩១លាននាក់។ ការណ៍នេះ ត្រូវបានប្រធានាធិបតីចិន បានចាត់ទុកថា បក្សកុម្មុយនីស្តចិន គឺជាបក្សកាន់អំណាចប្រកាន់ខ្ជាប់គំនិតម៉ាក្សនិយមធំជាងគេបង្អស់។

ជាមួយគ្នានេះ​ មេដឹកនាំចិនរូបនេះ ថ្លែង​ក្នុងពិធីលៀងសាយភោជន៍ដដែលថា​ ដោយបានលើកឡើងពីស្នាដៃសំខាន់ៗរបស់បក្សក្នុងឆ្នាំ២០២០ ផងដែរ ពិសេសការទប់ស្កាត់កូវីដ-១៩ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចប្រទេសរក្សាកំណើនវិជ្ជមានក្នុងអំឡុងពេលពិភពលោកមានវិបត្តិ។ ការលុបបំបាត់ភាពក្រីក្រ និងការកសាងសង្គមប្រកបដោយវិបុលភាព ក៏ជាអ្វីដែលលោក ស៊ី លើកឡើងដែរ។

ក្រៅពីនេះ លោក ស៊ី ជិនភីង​ បានជូនពរទៅប្រជាជនចិនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស​ ហេីយជាពិសេសនោះ លោក បានជូនពរឱ្យបក្សកុម្មុយនីស្តចិន មានអាយុកាលយូរអង្វែង និងចាក់ឬសនៅគ្រប់ស្រទាប់នៃប្រជាជនចិន៕ដោយ៖ស​ តារា

ប្រធានាធិបតីចិន លោក ស៊ី ជិនភីង

...

រូបភាព៖ Xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print