ប្រទេសភូមា, អ្នកទោសជាង២៣ពាន់នាក់ត្រូវបានរដ្ឋាភិបាលយោធាលើកលែងទោស ឲ្យមានសេរីភាពឡើងវិញដើម្បីជាការលើកទឹកចិត្តដល់ពលរដ្ឋបញ្ឈប់ការធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារ។
អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោកMin Aung Hlaing នៅថ្ងៃទី១២ខែកុម្ភៈ បានប្រកាសថា អ្នកទោសជាង២៣ពាន់នាក់ ត្រូវបានលើកលែងទោស ។ សារព័ត៌
មានរ៉យទ័របានដកស្រង់សេចក្តីប្រកាសរបស់រដ្ឋាភិបាលយោធាដែលបានបញ្ជាក់ថា « យោធាកំពុងតែខិតខំបង្កើតប្រទេស ប្រជាធិបតេយ្យថ្មីជាមួយនឹងសន្តិភាព អភិវឌ្ឍន៍ ដោយប្រែក្លាយអ្នកទោសទៅជាពលរដ្ឋល្អជួយដល់សង្គម បង្កើនមូលដ្ឋានគ្រឹះមនុស្សធម៌ »។
តាមការប្រកាសរបស់រដ្ឋាភិបាល មានអ្នកទោសសរុប 23.314 នាក់ ក្នុងនោះមានជនបរទេស៥៥នាក់ផងដែរ ។ ការសម្រចលើកលែងទោស កើតឡើងក្នុងពេលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ។
ជាមួយគ្នានេះដែរក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃទី ១១ខែកុម្ភៈ បានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ាជាច្រើនរូបពាក់ព័ន្ធការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ ទន្ទឹមនឹងនោះអាមេរិកបានអំពាវនាវដល់យោធាឲ្យបោះបង់អំណាច ។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនត្បូងមានតម្លៃចំនួន៣ របស់យោធា និងមន្ត្រីយោធា៨រូបផ្សេងទៀត ។ ក្នុងចំណោមមន្ត្រីយោធាដែលអាមេរិកដាក់ទណ្ឌកម្ម មានទាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោកMin Aung Hlaing និងអគ្គមេបញ្ជាការរងលោកSoe Win ដែលកំពុងតែដឹកនាំប្រទេសមីយ៉ាន់ម៉ា ក្រោយការធ្វើរដ្ឋប្រហារ៕
ដោយ សាធី