ហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចភ្ញីភ្លើងនៅរដ្ឋTamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា មានអ្នកស្លាប់កើនឡើងដល់ទៅ១៥នាក់ និងជាង៣០នាក់រងរបួស ។
ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅរោងចក្រក្នុងភូមិ Achankula ស្រុក Virudhunagar រដ្ឋTamil Nadu កាលពីថ្ងៃទី១២ខែកុម្ភៈ ។ តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់បានដឹងថា ចំនួនកាំជ្រួចភ្ញីភ្លើង ដែលរក្សាទុកនៅក្នុងឃ្លាំងរោងចក្របានឆាបឆេះ ហើយបង្កឲ្យមានការផ្ទុះយ៉ាងខ្លាំង ។
តាមសារព័ត៌មាន ស៊ីនហួ បានផ្សាយថា គ្រោះថ្នាក់ខាងលើបានសម្លាប់មនុស្ស១៥នាក់ និងរបួសជាង៣០នាក់ ហើយអាចនឹងមានអ្នកស្លាប់កើនឡើងដោយសារតែអ្នករបួសធ្ងន់ច្រើនបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ក្រុមជំនាញកំពុងបើកការស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ផ្ទុះឆេះខាងលើ ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ហើយប្រកាសថានឹងផ្តល់ជំនួយដល់គ្រួសារតែមានអ្នកស្លាប់និងរបួស។
ករណីគ្រោះថ្នាក់ពាក់ព័ន្ធនិឹងការផលិតកាំជ្រួចភ្ញីភ្លើងតែងតែកើតឡើងនៅក្នុងស្រុកVirudhunagar ដែលជាតំបន់ផលិតកាំជ្រួចភ្ញីភ្លើងច្រើនជាងគេបង្អស់ក្នុងប្រទេសឥណ្ឌា។ ពលរដ្ឋរាប់សែននាក់នៅក្នុងតំបន់នេះពឹងផ្អែកទៅលើវិស័យឧស្សាហកម្មផលិតកាំជ្រួចភ្ញីភ្លើងដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។កាលពីខែមីនាឆ្នាំ២០២០ ក៏មានករណីផ្ទុះរោងចក្រផលិតកាំជ្រួចពីរផ្សេងគ្នា បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់ ៕ដោយ សាធី
រូបភាព៖ PTI/India Today