ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលរស់នៅក្បែរស្ថានីយប្រេងសាំងមួយកន្លែងនៅមាត់ទន្លេផ្សារក្រោម ប្រលឹងចុងសក់ម្នាក់ៗបន្ទាប់ពីស្ថានីយប្រេងមួយនេះបានឆាបឆេះជា អណ្តាតភ្លើងឡើង ក្នុងពេលដែលមានរថយន្តស៊ីទែនសាំងបូមសាំងដាក់ក្នុងស្ថានីយប្រេងនេះ ។ ហេតុការណ៍នេះបាននកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នៅ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោកលុយ ឌីណា នាយការិយាល័យបង្កនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ម្ចាស់ស្ថានីយប្រេងឥណ្ទនៈ មានឈ្មោះ យឹម តឿ ។ នៅមុនពេលកើតហេតុគេឃើញមានរថយន្តស៊ីទែនសាំងមួយគ្រឿងបានមកផ្ទេរសាំងដាក់ចូលស៊ីទែនសាំងក្នុងស្ថានីយប្រេងឥណ្ទនៈមួយនេះ នៅក្នុងពេលដែលកំពុងតែផ្ទេរសាំង ក៍ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងខ្លាំង ក្នុងពេលនោះម្ចាស់ស្ថានីយ៍ប្រេង និង ប្រជាពលរដ្ឋដែលរស់នៅក្បែរនេះ បានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លាម និងសុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍ ធ្វើអោយស្ថានភាពភ្លើងមិនអាចឆេះរាលដាលទៀតបាននោះទេ ។
លោកលុយឌីណាបានធ្វើការសន្និដ្ឋាននៅជំហាដំបូងថា ករណីនេះអាចមានអ្នកដែលនៅជុំវិញនេះប្រើភ្លើងនៅពេលដែលកំពុងផ្ទេរសាំងពីរថយន្តស៊ីទែន និងអាចបណ្តាលមកពី មានអ្នកប្រើប្រាស់ឧបករណ៍អគ្គិសនីពេលដែលកំពុងផ្ទេរសាំងនេះ ។ ព្រោះថា បើសិនជាមានអ្នកប្រើភ្លើងនិងដោតឌុយភ្លើង ក្នុងរង្វង់២៥ម៉ែត្រពេលកំពុងតែផ្ទេរសាំង អាចនឹងឆាបឆេះបានដោយសារតែចំហាយមានឥទ្ធិពលខ្លាំង ។
លោកនាយការិយាល័យបានអោយដឹងទៀតថា ការជួយសង្គ្រោះនេះគឺប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២រថយន្ត ហើយបានគ្រប់គ្រងសភាពការបានទាំងស្រុង មិនអោយរាលដាលតទៅទៀតនោះទេ ។ ចំណែកឯទំហំនៃការខូចខាតនៅមិននទាន់អាចប៉ាន់ប្រមាណនោះនៅឡើយទេ នៅពេលនេះ៕
ដោយ៖ ចន្ថា