ក្រុមឧទ្ទាមហ៊ូធី នឹងដកចេញពីបញ្ជីក្រុមភេរវករអន្តរជាតិ,​ នេះបើ​តាមការអះអាងពីរដ្ឋមន្រ្តីការបរទេសអាមេរិក

ចែករំលែក៖

អន្តរជាតិ​៖​ បើ​តាមការអះអាងពីរដ្ឋមន្រ្តីការបរទេសអាមេរិក​ លោក អាន់តូនី ប្ល៊ីងខិន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ​២០២១ថ្មីៗនេះ​ថា៖​ សហរដ្ឋអាមេរិក​ នឹងដកក្រុមឧទ្ទាមហ៊ូធី ចេញពីបញ្ជីក្រុមភេរវករអន្តរជាតិ។ ហើយ​ប្រសិនបើ​គ្មានការប្រែប្រួលទេ ការដកក្រុមឧទ្ទាមហ៊ូធីចេញពីបញ្ជីខ្មៅនេះ នឹងមានសុពលភាពនៅថ្ងៃទី១៦ ខែកុម្ភៈ​ ស្អែក​នេះ​។

ជាក់ស្ដែង​រដ្ឋបាលអាមេរិកថ្មី បន្ទាប់ពីចូលកាន់តំណែង​ ក៏បានសើរើគោលនយោបាយការបរទេសរបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា​ដេីម្បីការដោះស្រាយវិបត្តិយេម៉ែន គឺជាអាទិភាពមួយរបស់លោកប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន។ ប្រមុខការទូតអាមេរិករូបនេះ បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅចុងខែមករា កន្លងទៅថា លោកនឹងដោះស្រាយវិបត្តិមនុស្សធម៌ ជាមួយសម្ពន្ធមិត្តអាមេរិក ដូចជាអេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដែលជាភាគីពាក់ព័ន្ធក្នុងសង្រ្គាមស៊ីវិលយេម៉ែន។

លោកប្ល៊ីងខិន នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានប្រកាសថា អាមេរិកនឹងដកក្រុមឧទ្ទាមហ៊ូធីចេញពីបញ្ជីក្រុមភេរវករអន្តរជាតិ នៅថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីដោះស្រាយវិបតិ្តមនុស្សធម៌។ «ការដាក់ក្រុមហ៊ូធីក្នុងបញ្ជីខ្មៅ អាចធ្វើឱ្យយេម៉ែន ប៉ះពាល់ដល់ការទទួលបានផលិតផលជាមូលដ្ឋាន ដូចជាអាហារ និងប្រេងជាដើម»។ ប្រមុខការទូតអាមេរិក បានលើកឡើងបែបនេះ ដោយបន្តទៀតថា ការដកក្រុមហ៊ូធីចេញពីបញ្ជីខ្មៅ គឺអាមេរិកស្តាប់ការព្រមាន ពីអង្គការសហប្រជាជាតិ, ក្រុមមនុស្សធម៌ និងសមាជិកសភាទាំងពីររបស់អាមេរិក។

ជាមួយគ្នានេះ​ លោក​ អាន់តូនី ប្ល៊ីងខិន សង្ឃឹមថា ភាគីពាក់ព័ន្ធ នឹងដោះស្រាយបញ្ហា តាមរយៈកិច្ចសន្ទនា។ ដ្បិតមានការដកចេញពីបញ្ជីភេរវករអន្តរជាតិមែន ប៉ុន្តែអាមេរិកនៅតែបន្តឃ្លាំមើល សកម្មភាពរបស់ក្រុមមួយនេះ យ៉ាងដិតដល់ដដែល។

ដោយឡែក​ទាក់ទិននឹងបញ្ហានេះដែរ​ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ កាលពីនៅពាក់កណ្តាលខែមករាកន្លងទៅ​ បានដាក់ក្រុមឧទ្ទាមមួយនេះ ចូលក្នុងបញ្ជីក្រុមភេរវករអន្តរជាតិ ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់។ ការណ៍នេះ បានធ្វើឱ្យសម្ភារ និងអាហារមួយចំនួន ត្រូវហាមឃាត់ដឹកជញ្ជូនទៅអង្គការពាក់ព័ន្ធនឹងក្រុមឧទ្ទាមហ៊ូធី និងបង្កឱ្យមានបញ្ហាជាច្រើនកើតឡើង។

គួរបញ្ជាក់ថា សង្រ្គាមស៊ីវិលនៅយេម៉ែន បានចាប់ផ្តើមឡើងនៅឆ្នាំ២០១៥ មក បន្ទាប់ពីមានការលូកដៃពីសំណាក់អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ផ្សេងទៀត។ អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមវាយប្រហារលើក្រុមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់។ ដោយសារបញ្ហានេះ សង្គ្រាមបានអូសបន្លាយតាំងពីឆ្នាំនោះមក៕ដោយ៖ស​ តារា​

...

រូបថត៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print