ក្នុងការប្រកួតគម្រោងនវានុវត្តន៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្រសួងទេសចរណ៍ទទួលចំណាត់ថ្នាក់លេខ២

ចែករំលែក៖

ភ្នំពេញ៖ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៣ កុម្ភៈ​ ឆ្នាំ​២០២១​ បានបញ្ជាក់ថា​ ក្នុងការប្រកួតគម្រោងនវានុវត្តន៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ដែលសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើការបង្កើតកម្មវិធីវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ ស្របតាមស្តង់ដាអាស៊ានតាមប្រព័ន្ធឌីជីថល ក្រសួងទេសចរណ៍ទទួលចំណាត់ថ្នាក់លេខ២​។

បើតាមក្រសួងទេសចរណ៍ ការឈ្នះជ័យលាភីបង្ហាញថា គំនិតផ្ដួចផ្ដើមរៀបចំសមស្របតាមយុគសម័យឌីជីថល ទាំងទម្រង់និងខ្លឹមសារបច្ចេកទេស ហើយតាមរយៈជ័យលាភីនេះ ក្រសួងទេសចរណ៍ នឹងទទួលបានជំនួយបច្ចេកទេសឌីជីថល ពីក្រុមអ្នកជំនាញនៃអង្គសហប្រជាជាតិ។

ថ្នាលឌីជីថលបណ្ដុះបណ្ដាល និងវាយតម្លៃសមត្ថភាពតាមយន្តការអាស៊ាន នឹងដាក់ឲ្យប្រើប្រាស់ដល់ប្រទេសសមាជិកអាស៊ាន ដែលអាចប្រកាសប្រើប្រាស់ជាផ្លូវការ នាឱកាសទិវាទេសចរណ៍អាស៊ាន ២០២២ នៅកម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំ។ នេះបើតាមប្រភពខាងលើ។

បេីតាមរដ្ឋមន្រ្តីនៃក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង​ បានលើកឡើងថា​ បំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ តាមប្រព័ន្ធអនឡាញ។ ម្យ៉ាងទៀត កម្មវិធីនេះអាចបង្កើតភាពជាដៃគូថ្មីៗ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ប្រកបដោយនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់កម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងសម័យឌីជីថលនៅថ្នាក់ជាតិ និងតាមវិស័យ។ នេះបើតាមលោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមជម្រាបថា​ ការប្រកួតដើម្បីដោះស្រាយបញ្ហាជំនាញលើកទី១ នៅកម្ពុជានេះ បានចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០២០ រីឯលទ្ធផលប្រកាសកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។ ជ័យលាភីលេខ១ បានទៅលើសាលាសណ្ឋាគារ និងទេសចរណ៍ Taul Dubrule ទទួលបានទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ។ ចំណែក​ជ័យលាភីលេខ២ បានទៅលើក្រសួងទេសចរណ៍ ទទួលបានទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ។ រីឯជ័យលាភីលេខ៣ បានទៅលើនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបានទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ៕ដោយ៖សហការី​

...

រូបភាព​៖ហ្វេសប៊ុករបស់ក្រសួងទេសចរណ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print