ផលិតករហ៊ុយ យ៉ាឡេង ចេញផលិតភាពយន្តឆ្លុះបញ្ចាំងពីបញ្ហាជីវិតព្រោះជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីការរងចាំអស់រយៈពេលជាច្រើនខែដើម្បីចេញផលិតភាពយន្តផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានសម្រេចចិត្តចេញផលិតភាពយន្តខ្នាតធំថ្មីរបស់ខ្លួនហើយគឺរឿង“គ្រោះជីវិតកូវីដ-១៩”។ ការប្រកាសចេញថតនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីប្រកាសចេញផលិតភាពយន្តនេះកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះក្រោមវត្តមានសិល្បករនិងក្រុមការងារក្នុងភាពយន្តខាងលើ។
ភាពយន្តនេះនឹងឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមក្នុងជិវិតរបស់មនុស្សក្នុងសង្គមនាអំឡុងពេលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩នោះ។ នេះបើតាមការបញ្ជាក់របស់ហ៊ុយ យ៉ាឡេង ដែលជាផលិតករ និងជាចាងហ្វាងផលិតកម្មកថាជ័យ។ លោកបានបញ្ជាក់ថា លោកសម្រេចចិត្តចេញផលិតភាពយន្តនេះក្រោយពីការរងចាំអស់រយៈពេលជាច្រើនខែព្រោះតែបញ្ហាប្រឈមនៃជំងឺកូវីដ១៩នោះ។ លោកបញ្ជាក់ថា គម្រោងចេញថតគឺនៅចុងឆ្នាំ២០២០ ប៉ុន្តែដោយសាររលកទី២នៃជំងឺនេះត្រូវបានពន្យាពេលរហូតដល់ពេលនេះ។ លោកថា ភាពយន្តនេះអាចនឹងចំណាយពេលផលិតប្រមាណពី២ទៅ៣ខែ មុនឹងចាក់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ មូលហេតុនៅពីក្រោយការផលិតភាពយន្តនេះឡើយព្រោះតែវាគឺជាបញ្ហាប្រឈមជាសាកលដែលគួរតែមនុស្សគ្រប់គ្នាចងចាំ។ លោកបញ្ជក់ដែរថា ខ្លឹមសារភាពយន្តនេះគឺក៏នឹងបង្ហាញពីរឿងគ្រួសារពីរដែលប្រកបរបរលក់អនឡាញ និងអចលនទ្រព្យ និងផ្សំអំពីជីវិតប្រឈមនឹងបញ្ហារបស់មនុស្សទូទៅ អមដោយសារហួសចិត្ត សើចទាំងទឹកភ្នែក ហើយវានឹងក្លាយជាបទពិសោធន៍ក្នុងជីវិតដ៏គួរឲ្យចងចាំពោលគឺជីវិតមានរឿងដែលមានរឿងមិនគួរឲ្យជឿជាច្រើនដែលត្រូវជួប។ផលិតករភាពយន្ត នេះ រំពឹងថានឹងទទួលបានការពេញចិត្តពីអ្នកគាំទ្របន្ទាប់ពីរឿង”ធ្មប់” រឿង”ទារុណកម្មខ្មោច” រឿង”វិកលចរិក” និងរឿង”ដើម្បីកូន”ជាដើម។
កញ្ញា យ៉ែម ស្រីពេជ្រ ដែលជាតួឯកស្រីក្នុងភាព យន្តនេះបានបញ្ជាក់ថារំភើបចិត្តដែលទទួលបានឱកាសសម្តែងក្នុងភាពយន្តនេះ ហើយនេះគឺជាលើកដំបូងដែលនាងបានសម្តែងក្នុងភាពយន្តដែលដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង។ កញ្ញា ថាជាភាពយន្តថ្មី និងប្រធានបទថ្មីដែលគួរឲ្យចាប់អារម្មណ៍ហើយនាងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ហើយនាងនឹងប្រឹងប្រែងសម្តែងឲ្យអស់ពីលទ្ធភាពនិងសហការជាមួយក្រុមការងារឲ្យបានល្អបំផុត។
ក្រៅពីកញ្ញា យ៉ែម ស្រីពេជ្រ និងលោក ហ៊ុយ យ៉ាឡេង ក៏នឹងសិល្បករប្រុសស្រីល្បីឈ្មោះមួយចំនួនទៀតចូលរួមសម្តែងដែរមានដូចជាលោក សឿន វីតា លោក លឹម រដ្ឋា កុមារី ជេស៊ីកា ជាដើម៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print